2025-06-13 14:13
21

យោងតាមការចេញផ្សាយដោយ រ៉យទ័រ នាថ្ងៃទី១៣ មិថុនា នេះបានឲ្យដឹងថា ជើងហោះហើរលេខ AIC379 របស់អាកាសចរណ៍ Air India ដែលមានអ្នកដំណើរសរុប ១៥៦នាក់មានគោលដៅចេញពីកោះ Phuket ប្រទេសថៃ ឆ្ពោះទៅកាន់ទីក្រុង Delhi ប្រទេសឥណ្ឌា បានស្នើសុំចុះចតជាបន្ទាន់បន្ទាប់ពីទទួលបានសារគំរាមបំផ្ទុះគ្រាប់បែក។

កាលពីវេលាម៉ោង ១១ព្រឹក បន្ទាប់ពីសារជាលាយលក្ខណ៍អក្សមួយ ត្រូវបានប្រទះឃើញនៅក្នុងបន្ទប់ទឹករបស់យន្តហោះ ក្រោយហោះឡើងបានប្រហែល ២០នាទី យន្តហោះខាងលើ បានបកក្បាលត្រឡប់មកចុះចតដោយសុវត្ថិភាពវិញ នៅអាកាសយានដ្ឋាននៃកោះ Phuket។
 
ដោយអាជ្ញាធរព្រលានយន្តហោះនៅ Phuket បានធ្វើការត្រួតពិនិត្យសុវត្ថិភាពទាំងស្រុង លើយន្តហោះនោះ បន្ទាប់ពីវាបានចុះមកដល់ដីវិញ ប៉ុន្តែពុំមានព័ត៌មានផ្លូវការថាសារដែលទទួលបានខាងលើនោះ ជាការគំរាមជារឿងពិតប្រាកដ ឬក៏គ្រាន់ជាការបំភ័យក្លែងក្លាយនោះឡើយ។

សូមបញ្ជាក់ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីយន្តហោះ Boeing 787-8 Dreamliner មួយគ្រឿង របស់អាកាសចរណ៍ Air India បានធ្លាក់នៅឯប្រទេសឥណ្ឌា ក្រោយហោះឡើងបានតែបន្តិចនៅអាកាសយានដ្ឋាន Ahmedabad ឆ្ពោះទៅទីក្រុងឡុងដ៍។ 

ដែលជាលទ្ធផល សោកនាដកម្មនោះ បានសម្លាប់មនុស្សជាង២៤០នាក់ និងមានតែមនុស្សម្នាក់គត់ ដែលបានរួចរស់ជីវិត៕