
ថៃ÷ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលថៃបានប្រកាសអាសន្ន និងកំពុងចាត់វិធានការឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ និងការបាក់ដីនៅទូទាំងប្រទេស។ ដោយស្ថានភាពគ្រោះទឹកជំនន់បច្ចុប្បន្ន នៅប្រទេសថៃបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅតំបន់ភាគខាងត្បូង និងភាគឦសាននៃប្រទេស។ ក្នុងនោះខេត្តជាច្រើនបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយមានការខូចខាតផ្ទះសម្បែង ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធ។ រួមទាំងករណីបាក់ដីក៏បានកើតឡើងផងដែរ ដោយបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស។ ពេលនេះនាយករដ្ឋមន្ត្រីថៃ បានបញ្ជាឱ្យអាជ្ញាធរទូទាំងប្រទេសប្រើប្រាស់ទូក និងយានយន្តដើម្បីជួយសង្គ្រោះ និងផ្ដល់ជំនួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ។
ប្រកាសគ្រោះមហន្តរាយមួយមិនទាន់ចប់ ផង នាថ្ងៃខែឆ្នាំដដែល លោកវេជ្ជបណ្ឌិត Thira Worathanarat អ្នកប្រាជ្ញសុខភាពសាធារណៈដ៏ល្បីមួយរូប បានចេញមកធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការរីករាលដាលនៃ ជំងឺកូវីដ-19 នៅប្រទេសថៃ ដោយលោកបានបង្ហាញថា ក្នុងរយ:ពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះករណីរីករាលដាលនៃកូវីដ-19 មានចំនួន ១១១.៤៧២ ករណី ក្នុងនោះមានអ្នកស្លាប់ ៣១ នាក់។ លោកវេជ្ជបណ្ឌិតខាងលើបន្តថា បើគិតពីចំនួនអ្នកជំងឺដែលព្យាបាលនៅមន្ទីរពេទ្យតាំងពីដើមឆ្នាំ រហូតមកដល់ពេលនេះ មានករណីឆ្លងជំងឺកូវីដ-19 ជាង ៤០ម៉ឺននាក់ នេះនៅមិនទាន់រាប់បញ្ចូលមនុស្សច្រើននាក់ទៀតដែលត្រូវបានរកឃើញថាឆ្លង ឈឺ ប៉ុន្តែមិនបានទៅមន្ទីរពេទ្យ ឬមិនមានរបាយការណ៍ក្នុងប្រព័ន្ធ។ ហើយចំពោះចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-19 នៅប្រទេសថៃគឺខ្ពស់ជាងជំងឺផ្តាសាយរហូតដល់ទៅ ៣ ដងឯណោះ៕


