
ភ្នំពេញ % ករណីជម្លោះមួយបានកើតឡើង បន្ទាប់ពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ០២ គ្រឿង កាលពីវេលាម៉ោង ១១ និង ៥០ នាទី យប់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ភ្នំពេញហាណូយ កែងផ្លូវ ឧកញ៉ាម៉ុងរិទ្ធី ចំណុចស្តុប ២៤ ម៉ោង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឧបទ្ទវហេតុនេះបង្កឡើងដោយរថយន្តម៉ាក NISSAN NAVARA អ្នកបើកបរបើកលឿន សង្ស័យស្រវឹង បានបើកជ្រុលបុករថយន្តម៉ាក LANCRUISER ខ្ទាតទៅផ្លូវម្ខាងរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង ហើយភាគីខាងរថយន្ត LANCRUISER ទាមទារឲ្យសមត្ថកិច្ចវាស់ជាតិអាល់កុលនៅកន្លែងកើតហេតុ ក៏បង្កជាជម្លោះប្រកែកតវ៉ាជាមួយសមត្ថកិច្ច។សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា គេឃើញរថយន្តម៉ាក LANCRUISER ពណ៌ស ពាក់ស្លាកលេខ 2 BJ-7253 បើកបរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ជាចំណុចស្តុបបំបែកជាបួន (ហៅស្តុប ២៤ ម៉ោង) ភ្លាមៗ នោះ ក៏មានរថយន្តម៉ាក NISSAN NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា- IM-KETYA បើកក្នុងល្បឿនយ៉ាងលឿនដូចគ្នា តាមបណ្ដោយផ្លូវ សម្តេច ជា ស៊ីម ក្នុងទិសដៅពីលិចទៅកើត ជ្រុលទៅបុករថយន្តម៉ាក LANCRUISER ពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទាតទៅផ្លូវម្ខាងទៀត។ប្រភពដដែល បានបន្តថា បន្ទាប់ពីគ្រោះថ្នាក់ភ្លាមៗ អ្នកបើកបររថយន្តម៉ាក NISSAN NAVARA មិនព្រមចុះពីរថយន្តទេ បានទាក់ទងទៅតំណាងមកជួយដោះស្រាយ។ បន្ទាប់មក ភាគីខាងរថយន្ត NAVARA បានសម្របសម្រួលជាមួយរថយន្តម៉ាក LANCRUISER តែការខូចខាតធ្ងន់ធ្ងរពេក ភាគីទាំងសងខាងចរចាមិនត្រូវគ្នា។ក្រោយពេលកើតហេតុមានតំណាងទាំងសងខាងមកដោះស្រាយ ក្នុងនោះ ភាគីខាងរថយន្ត LANCRUISER ចង់ឲ្យសមត្ថកិច្ចវាស់ជាតិអាល់កុលអ្នកបើកបរ NISSAN NAVARA នៅកន្លែងកើតហេតុតែម្ដង បង្កឲ្យមានការប្រកែកតវ៉ាជាមួយសមត្ថកិច្ច។ នៅពេលនោះ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ត្រូវយកអ្នកបើកបរទៅវាស់ជាតិអាល់កុលនៅអធិការដ្ឋានខណ្ឌសែនសុខ។ក្រោយកើតហេតុនគរបាលប៉ុស្តិ៍បានទាក់ទងទៅនគរបាលជំនាញចរាចរណ៍ខណ្ឌសែនសុខ ធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី៕
