
(កំពត)លោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូបានប្រាប់ឲ្យដឹងថា ការរួមគ្នាបង្កើតព្រឹត្តិការណ៍ជិះកង់នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥នេះ គឺជាយុទ្ធនាការមួយដើម្បីផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏ដូចជាភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិឲ្យបានដឹងថា ស្រុកទឹកឈូបានចាប់ផ្ដើមដល់សេវាជិះកង់ដើរលេងកម្សាន្តគិតថ្លៃ។
លោកអ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូបានបញ្ជាក់ប្រាប់ឲ្យដឹងថា ការមកទទួលសេវាជិះកង់លម្ហែកម្សាន្តនៅសាលាស្រុកទឹកឈូ ជាការចូលរួមចំណែកក្នុងការជួយលើកកម្ពស់សុខភាពបរិស្ថាននិងទេសចរណ៍ក៏ដូចជាជួយជំរុញដល់សេដ្ឋកិច្ចនៅក្នុងមូលដ្ឋានស្រុកផងដែរ។
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជននៅស្រុកទឹកឈូ រួមនឹងអង្គការដៃគូផង បានរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយសេវាទេសចរណ៍ថ្មីរបស់ស្រុក “ការជិះកង់កម្សាន្តដើម្បីសុខភាព ការអប់រំ បរិស្ថាន និងសេដ្ឋកិច្ចមូលដ្ឋាន” ដោយលើកទឹកចិត្តឲ្យទេសចរជាតិ និងអន្តរជាតិមកខ្ចីកងជិះកម្សាន្តជំនួសរថយន្ត ឬម៉ូតូរបស់ពួកគេ។
អាជ្ញាធរ និងអ្នកពាក់ព័ន្ធយល់ឃើញថាការរៀបចំដំណើរកម្សាន្តដោយការជិះកង់នេះ នឹងផ្តល់ប្រយោជន៍រួមច្រើនយ៉ាង។
លោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថាដោយមានការចូលរួមពីរនាយកអង្គការ អេដ អេ អាកស្យុង ប្រចាំប្រទេសកម្ពុជា លោក វន សំភាស់ បានប្រាប់ឲ្យដឹងថា អង្គការរបស់លោកពិតជារីករាយក្នុងការចូលរួមចំណែកទាំងសម្ភារៈ និងថវិកាជាមួយរដ្ឋបាលស្រុកទឹកឈូ ដើម្បីធ្វើឲ្យសេវាជិះកង់កម្សាន្តមួយនេះ ក្លាយទៅជាកម្មភាពទេសចរណ៍ទាក់ទាញថ្មី១បន្ថែមទៀតរបស់ស្រុក ក្នុងបំណង់ផ្សារភ្ជាប់សកម្មភាពកីឡា ទេសចរណ៍ បរិស្ថាន និងការអប់រំ។
ចំណែកអ្នកដែលបានចូលរួមជិះកង់កម្សាន្ត បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងការយល់ឃើញថា ការផ្តួចផ្តើមរៀបចំដំណើរកម្សាន្តដោយការជិះកង់ពិតជាល្អ ទោះរៀងហត់បន្តិចក៏ពិតមែន ប៉ុន្តែជាសកម្មភាពមួយមានតម្លៃដល់សង្គម និងបរិស្ថាន ពិសេសបានគយគន់ទេសភាពស្អាតៗតាមដងផ្លូវ និងស្រូបយកខ្យល់បរិសុទ្ធបានច្រើន។ ពួកគាត់ស្នើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមជិះកង់កម្សាន្តនៅស្រុកទឹកឈូ។
សូមបញ្ជាក់ថា រមណីយដ្ឋានជាច្រើននៅមិនឆ្ងាយប៉ុន្មានពីសាលាស្រុកទឺកឈូទេ ហើយផ្លូវធ្វើដំណើរជាផ្លូវបេតុង និងកៅស៊ូទាំងអស់។
ហើយភ្ញៀវទេសចរអាចមានជម្រើសច្រើនក្នុងការជិះកង់កម្សាន្ត មិនថាជាលក្ខណៈគ្រួសារ ក្រុមការងារ ឬមិតភក្តិនោះទេ ស្របពេលដែលចំនួនកង់មានដល់៧៥គ្រឿង។
(សឹង រ៉ាត់)


