2025-06-10 19:22
39

ភ្នំពេញ៖ គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ២០២៥នេះ សុខភាពនៃការនាំចេញក្នុងវិស័យកាត់ដេររបស់កម្ពុជានៅតែមានភាពល្អប្រសើរដោយកើនឡើង ៤,៥ ពាន់លានដុល្លារអាម៉េរិក បើទោះបីជាបរិបទសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ នៅថ្ងៃទី១០ ខែមិថុនានេះ។

មន្ត្រីអ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា៖ «តម្លៃនៃការនាំចេញសរុបសម្រាប់គ្រប់មុខផលិតផលរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៩,៣ ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ១៥,៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈតម្លៃនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៤,៥ ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២១,៩% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤»។

លោក ស៊ុន មេសា បានបញ្ជាក់ថា៖ «ការនាំចេញទៅអាម៉េរិក កើនឡើង ២៦,៧%, ការនាំចេញទៅជប៉ុន កើនឡើង ២១,៨%, ការនាំចេញទៅអឺរ៉ុប កើនឡើង ២១,៧%, ការនាំចេញទៅអាស៊ាន កើនឡើង ១៩,១% និងការនាំចេញទៅចក្រភពអង់គ្លេស កើនឡើង ១១,៤%»។

លោក ស៊ុន មេសា សូមអបអរសាទរដល់បងប្អូនកម្មករ និងនិយោជករបស់យើងទាំងអស់ដែលបានរួមគ្នាយ៉ាងល្អជាមួយរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្រេចកិច្ចការងារដ៏ប្រពៃសម្រាប់សង្គមជាតិ មាតុភូមិមួយនេះ។ សូមបងប្អូនបន្តជឿជាក់លើក្រសួងការងារដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងឈរនៅជាមួយបងប្អូនគ្រប់ពេលវេលា ព្រមទាំងគិតគូរប្រយោជន៍ជូនបងប្អូនកម្មករ និងនិយោជកជានិច្ច៕