
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាលពីថ្ងៃព្រហស្បតិ៍ថា នឹងកាត់ផ្តាច់កិច្ចសន្យារបស់រដ្ឋាភិបាលជាមួយក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk ខណៈដែល Elon Musk បានស្នើថា លោក Trump គួរតែត្រូវបានចោទប្រកាន់ ដោយបានបង្វែរភាពស្និទ្ធស្នាលរបស់ពួកគេ ទៅជាជម្លោះពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គមទៅវិញ។
ភាពរកាំរកូសបានចាប់ផ្តើមឡើងនៅពេលដែលលោក Trump បានរិះគន់ទៅកាន់នាយកប្រតិបត្តិ Tesla គឺលោក Musk នៅក្នុងការិយាល័យរបស់លោក។
ដោយក្នុងរយៈពេលមិនប៉ុន្មានម៉ោងផង ទំនាក់ទំនងជិតស្និទ្ធរវាង Trump និង Musk បានបែកបាក់គ្នាជាសាធារណៈ ខណៈដែលបុរសដែលមានអំណាចបំផុតរបស់សហរដ្ឋអាមេរិក និងអ្នកមានបំផុតនៅលើពិភពលោក បានបញ្ចេញកំហឹងផ្ទាល់ខ្លួនរបស់ពួកគេដាក់គ្នាទៅវិញទៅមកនៅលើបណ្ដាញផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់ពួកគេ ។
ដោយលោក Trump បានបង្ហោះនៅលើ Truth Social ថា "មធ្យោបាយងាយស្រួលបំផុតក្នុងការសន្សំប្រាក់នៅក្នុងថវិការាប់ពាន់លាន និងរាប់ពាន់លានដុល្លារបស់យើង គឺដើម្បីបញ្ចប់ការឧបត្ថម្ភធន និងកិច្ចសន្យារបស់ Elon" ។
ប៉ុន្មាននាទីបន្ទាប់ពីលោក ត្រាំ បានបង្ហោះបែបនេះ លោក Musk ក៏បានឆ្លើយតបវិញនៅលើការបង្ហោះក្នុងបណ្ដាញសង្គម X ដោយនិយាយថា Trump គួរតែត្រូវបានចោទប្រកាន់។
គួរឲ្យដឹងថា បញ្ហារវាងអ្នកទាំងពីរបានចាប់ផ្តើមឡើងប៉ុន្មានថ្ងៃមុន បន្ទាប់ពី Elon Musk បានប្រកាសដកខ្លួនចេញពីការកាត់បន្ថយពន្ធនិងការចំណាយរបស់ Trump។
ដំបូងឡើយ លោក ត្រាំ ហាក់អត់ធ្មត់នៅពេលដែល អ៊ីឡុនម៉ាស បានធ្វើយុទ្ធនាការពាក់ព័ន្ធនឹងគ្រាប់បែកបាញ់នាវា ដោយ ត្រាំ បាននិយាយថា ការធ្វើបែបនេះរបស់ អ៊ីឡុនម៉ាស គឺបន្ថែមច្រើនពេកទៅលើបំណុលដែលមានចំនួនរហូតទៅដល់ 36.2 ពាន់ពាន់លានដុល្លាររបស់ប្រទេស។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ បានធ្វើឲ្យលោក ត្រាំ មានការខកចិត្តជាមួយនឹង អ៊ីឡុនម៉ាស យ៉ាងខ្លាំង។
ដោយលោកបានលើកឡើងថា អ៊ីឡុនម៉ាស មានទំនាក់ទំនងយ៉ាងអស្ចារ្យជាមួយលោក ប៉ុន្តែពេលនេះលោកមិនដឹងថាតើត្រូវបន្តទំនាក់ទំនងនេះទៀតឬអត់នោះទេ។
ស្របពេលដែល ត្រាំ បាននិយាយដូចខាងលើ មិននៅស្ងៀម អ៊ីឡុនម៉ាស ក៏បានធ្វើការឆ្លើយតបវិញយ៉ាងក្ដៅគគុក ដោយបាននិយាយថា លោកបានចំណាយប្រាក់រហូតទៅដល់ ៣០០ លានដុល្លារ ដើម្បីគាំទ្រ ត្រាំ និងគណបក្សសាធារណរដ្ឋផ្សេងទៀត នៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ហើយបើគ្មានលោកទេ ត្រាំ នឹងចាញ់ឆ្នោត។
ហើយនេះគឺជាការដឹងគុណដែលត្រាំបានធ្វើមកលើលោក។
គួរបញ្ជាក់ថា ក្រៅពីក្រុមហ៊ុន Tesla អាជីវកម្មរបស់ Musk រួមមានក្រុមហ៊ុនរ៉ុក្កែត និងអ្នកម៉ៅការរដ្ឋាភិបាល SpaceX និងអង្គភាពផ្កាយរណប Starlink។
ក្នុងនោះ អាជីវកម្មអវកាសរបស់ Elon Musk បានដើរតួយ៉ាងសំខាន់នៅក្នុងកម្មវិធីអវកាសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយលោកបាននិយាយថា ជាលទ្ធផលនៃការគំរាមកំហែងរបស់លោក Trump គាត់នឹងចាប់ផ្តើមទម្លាក់យានអវកាស Dragon របស់ SpaceX ។
លោកក៏បានបន្ថែមថា ពន្ធហត្ថលេខារបស់លោក Trump នឹងជំរុញឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅចុងឆ្នាំនេះ៕
