
ថៃ៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ព្រឹកនេះ ក្រុមអ្នកតវ៉ាមកពីបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ ឬ PDRC បានប្រមូលផ្តុំគ្នានៅទល់មុខស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលស្ថិតនៅ ឃុំវ៉ាងថងឡាំង ស្រុកវ៉ាងថងឡាង ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
បាតុករថៃភាគច្រើនបានដង្ហែរគ្នាដោយមានកាន់ទង់ជាតិ និងកាន់សញ្ញាដែលមានសារបង្ហាញពីមនោគមវិជ្ជា និងចេតនារបស់ពួកគេដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃ។
ជាមួយគ្នានោះ ពួកគេក៏បាននាំយកឧបករណ៍បំពងសំឡេងដើម្បីធ្វើការថ្លែងសុន្ទរកថា ដើម្បីបង្ហាញពីចេតនាការពារប្រទេសក្នុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ។
ជុំវិញនៃការធ្វើបាតុកម្មនេះ តម្រួតថៃបាននាំគ្នា រៀបចំកម្លាំងតាមដានស្ថានការណ៍នៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ក្រោយទទួលបានដំណឹងថា នឹងមានបាតុករធ្វើដំណើរទៅ ប្រមូលផ្តុំនៅមុខស្ថានទូតកម្ពុជា ដើម្បីបង្ហាញពីភក្តីភាពចំពោះជាតិ និង ទឹកដីរបស់ពួកគេ៕
