2025-06-06 14:49
14

បាងកក៖ មន្ត្រីជាន់ខ្ពស់យោធាថៃ បាននិយាយថា៖ ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើម «ប្រតិបត្តិការកម្រិតខ្ពស់» ដើម្បីប្រឆាំងនឹងការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន ដែលកំពុងមានជម្លោះព្រំដែនដ៏ក្តៅគគុកជាមួយប្រទេសកម្ពុជា បានផ្ទុះឡើងជាថ្មី បន្ទាប់មានការប៉ះទង្គិចកាលពីសប្តាហ៍មុន។ នេះបើយោងតាមចុះផ្សាយរបស់ Reuter។

កងទ័ពថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា នេះថា ការស៊ើបការណ៍របស់ខ្លួនបានបង្ហាញថា កម្ពុជាបានបង្កើនការត្រៀមលក្ខណៈយោធារបស់ខ្លួននៅព្រំដែនរបស់ពួកគេ ខណៈដែលកិច្ចខិតខំប្រឹងប្រែងការទូតកំពុងបន្តដោះស្រាយ ប៉ុន្តែកងទ័ពថៃចាត់ទុកថាជា «ការព្រួយបារម្ភខ្លាំង»។

សេចក្តីថ្លែងការណ៍របស់យោធាថៃ បានបញ្ជាក់ថា៖ «កងទ័ពថៃបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រតិបត្តិការយោធាកម្រិតខ្ពស់ ក្នុងករណីដែលមានការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការរំលោភលើអធិបតេយ្យភាពប្រទេសរបស់ខ្លួន»។

រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានបន្តការចរចា និងប្តេជ្ញាចំពោះកិច្ចសន្ទនាដោយសន្តិវិធី តាមយន្តការដែលមានស្រាប់ បន្ទាប់ពីមានការប៉ះទង្គិចគ្នារយៈពេលខ្លី នៅតំបន់ព្រំដែនមុំបី កាលពីថ្ងៃទី២៨ ខែឧសភា ដែលទាហានកម្ពុជាម្នាក់ ត្រូវបានសម្លាប់។

ការប៉ះទង្គិចគ្នាដោយអាវុធនោះ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា៖ «ភាគីកងទ័ពថៃ ជាអ្នកចាប់ផ្តើមមុនដោយបានលបឆ្មក់ចូលបាញ់ដល់លេណដ្ឋានរបស់កងទ័ពកម្ពុជា ដែលឈរជើងតាំងយូណាស់មកហើយ បណ្តាលឱ្យយោធិនកម្ពុជាម្នាក់ស្លាប់»។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនបញ្ហាវិវាទលើតំបន់៤ ផ្នែក នៃព្រំដែនរបស់ខ្លួនទៅ ICJ ហើយបានស្នើឱ្យថៃសហការលើរឿងនេះ។ ប៉ុន្តែភាគីថៃ និយាយថា ខ្លួនមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលមានតាំងពីឆ្នាំ១៩៦២ នោះទេ។

សូមជម្រាមថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុននេះ កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ជាយន្តការដោះបញ្ហាជម្លោះទ្វេភាគី នៅរាជធានីភ្នំពេញ។ កម្ពុជា ក៏បានសម្រេចបញ្ជូនបញ្ហាទំនាស់នៅតំបន់រសើប ចំនួន ៤ រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ រួចរាលហើយ កាលពីថ្ងៃទី៤ មិថុនា កន្លងមកនេះ៕