2025-06-01 23:52
62

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ «ផ្កាយមាស៥» ជាប្រធានព្រឹទ្ធសភា បានចេញសារគាំទ្រជំហររបស់រដ្ឋាភិបាល យកបញ្ជាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រងចាំមើលឥរិយាបទរបស់ថៃលើចំណុចនេះ តើហ៊ាន ឬមិនហ៊ាន។

នៅវេលាម៉ោង១១និង១២នាទី យប់ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥នេះ​ សម្តេចតេជោ បានសរសរសារថា៖ «មុននេះបន្តិចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្តង»

សម្តេចតេជោសែន បានប្រកាសគាំទ្រទាំងស្រុងចំពោះនាយករដ្ឋមន្ត្រីដែលយកបញ្ហាជម្លោះព្រំដែននេះ ទៅតុលការ ICJ ព្រោះ MOU ឆ្នាំ២០០០ ហាក់ទៅមុខមិនរួចដែលបង្កឲ្យមានភាពមិនច្បាស់លាស់ រហូតចោទប្រកាន់គ្នា និងជម្លោះប្រដាប់អាវុធច្រើនដងមកហើយ។ ប្រសិនភាគីថៃមានចិត្តស្មោះត្រង់ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ។

សម្តេចតេជោសែន នាយឧយ្យមសេនីយ៍ផុតលេខ «ផ្កាយមាស៥» បានបញ្ជាក់ថា៖ «យើងរង់ចាំមើលឥរិយាបទរបស់ថៃលើចំណុចនេះ តើហ៊ាន ឬមិនហ៊ាន?។ ក្នុងពេលរង់ចាំការដោះស្រាយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានការអត់ធ្មត់ តែក៏ត្រូវត្រៀមខ្លួនវាយបកគ្រប់ទម្រង់នៃការឈ្លានពាន»

សូមជម្របថា នាយប់ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារថា៖ «កម្ពុជា នឹងរៀបចំកិច្ចប្រជុំបន្ទាន់គណៈកម្មការព្រំដែនចម្រុះ (JBC) ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន បន្តការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែន នៅប្រាសាទតាមាន់ធំ ប្រា​សា​ទ​តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី និងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)»

ប្រមុខរដ្ឋាភិបាលកម្ពុជា បានបង្ហោះសារបែបនេះ ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស និងបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ ដូចខ្ញុំបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ (JBC) គឺ «កម្ពុជា៖ ទី១- រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ និង ទី២- ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង»

សម្តេចធិបតី ហ៊ុន ម៉ាណែរ បានសង្កត់ធ្ងន់ថា៖ «បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាម​យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរ​ណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យា​យា​មឈ្លានពានបូរណ​ភាព​ទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព»