2025-05-28 21:51
92

ភ្នំពេញ៖​ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានធ្វើការថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាព ឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លាន​ពា​ន​បែបនេះមកលើកម្ពុជា ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ នៅប្រាសាទព្រះវិហារ ហើយគាំទ្ររដ្ឋាភិបាលកម្ពុជា ត្រៀមបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ ដើម្បីទៅការពារព្រំដែន។

នៅយប់ថ្ងៃទី២៨ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ដំបូងខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ ព្រំដែនសន្តិភាពមិត្តភាព សហប្រតិបត្តិការណ៍ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាព ឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ»

សម្តេចតេជោបានសរសេរបញ្ជាក់ថា៖ «ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែន ដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើ​នៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងទទួលបានផលល្អ។ ខ្ញុំសង្ឃឹមថា និងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយ»

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបងប្អូនជនរួមជាតិ សូមមេត្តាកុំពង្រីកនូវជម្លោះនេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាល និងកងទ័ពនៃប្រទេសទាំងពីរ។ យើងស្អប់សង្រ្គាមតែយើងបង្ខំចិត្តត្រូវធ្វើសង្រ្គាម ដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ដល់២០១១ ដែលប្រើមុខព្រួញ៣គឺ យោធា ការទូត និងផ្លូវច្បាប់៕

ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា៖ «ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់»