
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Bangkok Post បានចេញផ្សាយនាថ្ងៃទី៣១ ឧសភា នេះថា កងយោធពលខេមរភូមិន្ទថៃបានច្រានចោលរបាយការណ៍ដែលថា ប្រទេសថៃកំពុងរៀបចំបិទច្រកព្រំដែនចំនួន ១៦ ជាមួយប្រទេសកម្ពុជា ដោយបាននិយាយថា ផែនការបែបនេះនឹងត្រូវបានអនុម័តលុះត្រាតែហានិភ័យសន្តិសុខកើនឡើង ជាពិសេសពាក់ព័ន្ធនឹងអាវុធរយៈចម្ងាយឆ្ងាយ។
អ្នកនាំពាក្យកងទ័ព លោក ឧត្តមសេនីយ Winthai Suvaree បានឆ្លើយតបនាថ្ងៃសៅរ៍នេះ ជុំវិញការបង្ហោះដ៏ច្រើនលើសលប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពាក់ព័ន្ធនឹងការបិទត្រូវបានបញ្ជា ចំពេលមានភាពតានតឹងរវាងប្រទេសទាំងពីរ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងទាហានខ្មែរនិងថៃថា វិធានការបែបនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយក្នុងការគ្រប់គ្រងការគំរាមកំហែងដែលមានសក្តានុពលដល់សន្តិសុខជាតិ និងសុខុមាលភាពសាធារណៈ។
ដោយបច្ចុប្បន្ននេះចំពោះព័ត៌មានបិទច្រកខាងលើមិនមានការចេញបញ្ជាជាផ្លូវការនោះទេ។ ឧត្តមសេនីយ វីនថៃ បានបន្តថា ឥឡូវនេះ លោកនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយ (អំពីការបិទច្រកព្រំដែន) ទេ។
ដោយកាលពីមុន ការបិទព្រំដែនត្រូវបានអនុវត្តតែនៅពេលដែលចាំបាច់ប៉ុណ្ណោះ ជាពិសេសក្នុងការឆ្លើយតបទៅនឹងការស៊ើបការណ៍សម្ងាត់ដែលអាចជឿទុកចិត្តបាន ដែលបង្ហាញពីការគំរាមកំហែងដែលមានហានិភ័យខ្ពស់ ជាពិសេសការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ។ ហើយបច្ចុប្បន្ននេះ ស្ថានភាពព្រំដែនទាំងមូលនៅតែមានស្ថិរភាព។
ទោះបីជាយ៉ាងណាក៏ដោយ តំបន់មួយចំនួនអាចមានបញ្ហាខ្លះ ប៉ុន្តែមិនមានអ្វីគួរឲ្យមានការព្រួយបារម្ភនោះទេ។ ទាំងអាជ្ញាធរថៃ និងកម្ពុជា នៅតែបន្តប្រើប្រាស់យន្តការទ្វេភាគី ដើម្បីដោះស្រាយបញ្ហាស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
គួរបញ្ជាក់ឲ្យដឹងថា នាថ្ងៃទី៣១ ឧសភា មិនប៉ុន្មានម៉ោងមុននេះ មានសារព័ត៌មានថៃមួយចំនួនបានធ្វើការចេញផ្សាយ ពាក់ព័ន្ធជាមួយការបិទច្រកព្រំដែនរវាងកម្ពុជា-ថៃ ចំនួន៦ និងច្រកត្រួតពិនិត្យបណ្ដោះអាសន្នចំនួន១០ ដោយមានការចោទថាមូលហេតុបណ្ដាលមកពីពលរដ្ឋខ្មែរបាននាំគ្នាធ្វើពហិការឈប់ទិញផលិតផលថៃ។
តែខណៈពេលនេះអ្នកនាំពាក្យថៃបានធ្វើការចេញបញ្ជាក់ហើយថា ទាំងថៃនិងកម្ពុជានឹងនៅតែប្រើប្រាស់យន្តការទ្វេភាគីដដែល៕

