2025-06-01 23:23
93

ភ្នំពេញ៖ បញ្ហាទំនាស់ព្រំដែនរវាងកម្ពុជា និងថៃ នៅតំបន់មុំបី កំពុងកើតមានសារជាថ្មីដ៏ក្តៅគគុកនោះ នាយប់ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារថា៖ «កម្ពុជា នឹងរៀបចំកិច្ចប្រជុំបន្ទាន់គណៈកម្មការព្រំដែនចម្រុះ (JBC) ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន បន្តការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែន នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី និងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)»

ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា៖ «ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ»

សម្តេចបានបន្ថែមទៀតថា៖ ដូចខ្ញុំបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ (JBC) គឺ «កម្ពុជា៖ ទី១- រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ និង ទី២- ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង»

សម្តេចធិបតី នាយកដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខ។ ខ្ញុំសង្ឃឹមថាភាគីទាំងពីរនិងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ»

សម្តេចធិបតី ហ៊ុន ម៉ាណែរ បានបញ្ជាក់សារជាថ្មីម្ដងទៀតថា៖ «បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរ​ណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យា​យា​មឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព»