
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ «ផ្កាយមាស៥» បានសរសេរបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការថា៖ «ការកើតឡើងនៅមុំបីចំនួន៣ថ្ងៃមកនេះ គឺរឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជា ដោយមេបញ្ជាការថ្នាក់ក្រោម ដោយមានការគាំទ្រពីក្រុមនិយមជ្រុលរបស់ថៃផងដែរ»។
សម្ដេចតេជោបានបង្ហោះនូវសារនយោបាយបែបនេះ នៅវេលាម៉ោង ១១យប់ពាក់កណ្ដាលអាធ្រាតជិតឈានចូលថ្ងៃទី៣១ ខែឧសភានេះ ដោយសម្ដេចអះអាងថា៖ «ពួកជ្រុលនិយមថៃចូលមកជេរប្រមាថ សម្ដេចក្នុងហ្វេសប៊ុក ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង»។
ដើម្បីជៀសវាងការវង្វេងប្រវត្តិសាស្ត្រ សម្ដេចតេជោ សបញ្ជាក់លើ៣ចំណុចដូចខាងក្រោម៖
១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។
២. រូបថតប៉ុន្មានសន្លឹកដែលខ្ញុំនិងភរិយាព្រមទាំងសហការីបានទៅកាន់តំបន់នោះ កាលពីជាង១៥ឆ្នាំមុន គឺជាភស្តុតាងកាន់តែច្បាស់បញ្ជាក់ថាជាទឹកកម្ពុជា។ ខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុងទឹកដីថៃ ឬទឹកដីឡាវនៅតំបន់នោះបានទេ ពិតមែនតែពេលនោះ ខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះ (រោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន)។
៣. កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយ។ ក្បួនបែបនេះ គឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃ អាភិសិដ្ឋ វេចាជីវ៉ា និយាយមកកាន់ខ្ញុំ ចំពោះមុខប្រធានាធិបតីឥណ្ឌូណេសុី កាលពីឆ្នាំពី២០១១ ថា សូមភាគី២ ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នា។
ពេលនោះសម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាក់ប្រាប់ទៅកាន់ អាភិសិដ្ឋ វិញថា ៖ «ខ្ញុំមិនអាចដកកងទ័ពចេញទឹកដីខ្លួនឯងបានទេផ្ទុយទៅវិញឯកឧត្តមត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញដោយគ្មានលក្ខខណ្ឌ»៕

