2025-05-31 12:18
25

តូក្យូ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺយើងខិតខំជួយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងនៅគ្រប់ប្រទេសទាំងអស់ ទៅតាមលទ្ធភាពជាក់ស្តែង ដោយមិនមានការរើងអើងនិន្នាការនយោបាយមកពីគណបក្សណានោះឡើយ ពោល គឺមិនទុកប្រជាពលរដ្ឋខ្មែរណាម្នាក់ចោលនោះឡើយ»។ 

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ទោះបីជាមានពលរដ្ឋខ្មែរមួយចំនួនតូចតែងតែរិះគន់ ប្រឆាំង និងវាយប្រហារមកលើរាជរដ្ឋាភិបាលយ៉ាងណាក្ដី ប៉ុន្តែមន្ត្រីរបស់រដ្ឋាភិបាលនៅគ្រប់ទីកន្លែង ជាពិសេសមន្ត្រីស្ថានទូតនៅតាមប្រទេសនានា នៅតែខិតខំជួយសម្រួល និងធ្វើឯកសារជូនពលរដ្ឋទាំងនោះគ្រប់ៗគ្នា ពេលដែលបងប្អូនត្រូវការរួមទាំងវាយត្រាលើលិខិតឆ្លងដែនក្នុងករណីគេមានតម្រូវការផងដែរ»។ 

ប្រមុខរដ្ឋាភិបាល បានគូសបញ្ជាក់បន្ថែមថា៖ «សម្រាប់ការរិះគន់មកលើរដ្ឋាភិបាលវាជាសិទ្ធិរបស់បងប្អូន ប៉ុន្តែភារកិច្ចរបស់រាជរដ្ឋាភិបាល គឺត្រូវតែជួយ ត្រូវតែការពារ ប្រជាពលរដ្ឋខ្មែរទាំងអស់ ទោះបីពួកគេមាននិន្នាការបែបណាក៏ដោយ។ ប៉ុន្តែពេលដែលមានតម្រូវការបំពេញឯកសារ ឬបោះត្រាលើលិខិតឆ្លងចូលដល់ស្ថានទូតរៀងស្លូតបន្តិច តែទោះបីយ៉ាងណាមន្ត្រីស្ថានទូតរបស់យើងបំពេញជូនបងប្អូនគ្មានការរើសអើងនោះទេ»។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១នៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ប្រមាណ ១ ៦០០នាក់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕