
តូក្យូ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងនៅព្រឹកនេះថា៖ «កាលពីម្សិលមិញ សម្តេចបានជួបពិភាក្សាការងារ ជាមួយ លោក NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន និងលោក SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ក្នុងនោះប្រធានបទដែលលើកមកពិភាក្សាច្រើនជាងគេ គឺជួយទាក់ទាញអ្នកវិនិយោគពីជប៉ុនឱ្យបណ្តាក់ទន់វិនិយោគនៅកម្ពុជា និងទាញពាណិជ្ជរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែច្រើនឡើង។
សម្តេចធិបតី នាយករដ្ឋមន្ត្រីមានប្រសាសន៍បែបនេះ នាឱកាសសម្តេច និងលោកជំទាវបណ្ឌិត ស្ត្រីទី១កម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសជប៉ុន ប្រមាណ ១ ៦០០នាក់ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ពាក់ព័ន្ធការលើកឡើងខាងលើនេះ ក៏មានមតិខ្លះគេសួរថា ហេតុអ្វីបានជាសភា និងព្រឹទ្ធសភាគេនិយាយអំពីរឿងនេះ ព្រោះជាភារកិច្ចរបស់រដ្ឋាភិបាល? សម្តចធិបតីប្រមុខដឹកនាំកម្ពុជា បានបញ្ជាក់ថា៖ «កាតព្វកិច្ច និងសិទ្ធក្នុងការទាក់ទាញវិនិយោគមិនមែនជាភារកិច្ចផ្តេចមុខរបស់រាជរដ្ឋាភិបាលទេ គឺគ្រប់គ្នារួមទាំងសមាជិករដ្ឋសភានីមួយផងដែរ»។
សម្តេចបានលើកឡើងបន្ថែមទៀតថា៖ «ស្ថាប័នសភា គឺមានពេលវ៉ាកង និងចូលកង មានន័យថា ពេលចូលកង គឺពែលដែលសមាជិកសភាចូលរួមក្នុងប្រជុំធ្វើច្បាប់ ឬអនុម័តច្បាប់ផ្សេងៗ និងវ៉ាកងសមាជិកសភាត្រូវចុះទៅមូលដ្ឋានមណ្ឌលបោះឆ្នោតរបស់ខ្លួន ដើម្បីធ្វើការងារបម្រើប្រជាពលរដ្ឋផ្ទាល់ មិនមែនដូចអស់លោក លោកស្រីមួយចំនួនកាលពីជាសមាជិកសភាអត់ជួយធ្វើការទាំងអស់នេះទេ ចេះតែស្រែកថា “នាយករដ្ឋមន្ត្រីអត់ដឹងថាស្អីទៅជាភារកិច្ចរបស់សមាជិសភា” សូម្បីខ្លួនសម្តេចក៏ជាសមាជិកសភា និងជានាយករដ្ឋមន្ត្រី»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ការធ្វើកិច្ចការរួមគ្នាមិនថាសមាជិកសភា រាជរដ្ឋាភិបាល ឬវិស័យឯកជនទេ សូម្បីបងប្អូនប្រជាពលរដ្ឋក៏មានសិទ្ធទាក់ទាញវិនិយោគឱ្យទៅបណ្តាក់ទន់នៅកម្ពុជាដូចគ្នា ទាំងវិស័យទេសចរណ៍ និងវិនិយោគ»៕




