
តូក្យូ៖ ថ្លែងពីប្រទេសជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា៖ «ការដោះស្រាយគ្នារឿងព្រំដែនមិនមែនមានអ្វីបន្តិចៗប្តឹងនោះទេ ពោល គឺធ្វើតាមជំនាញនៃការចរចា និងដោះស្រាយដោយមានការទទួលខុសត្រូវ ខណៈកាលណាមានការប្តឹងហើយនឹងមានការបិទផ្លូវការចរចាទាំងអស់រួមទាំងបិទច្រកព្រំដែនថែមទៀតផង។ កម្ពុជាមិនមែនជាប្រទេសជួបប្តឹងនោះទេ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១នៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ប្រមាណ ១ ៦០០នាក់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សម្តេចធិបតីបានថ្លែងថា៖ «ការដោះស្រាយបញ្ហាព្រំដែនយើងត្រូវដើរគ្រប់វិធីសាស្ត្រ តាមរយៈយន្តការចរចាធ្វេភាគីដោយសន្តិវិធី។ ការប្តឹងនេះ គឺជាវិធីសាស្ត្រចុងក្រោយ បើសិនមានការប្តឹងហើយវាបិទច្រកចរចាទាំងអស់រួមទាំងបង្កើតឱ្យមានបញ្ហាផ្សេងៗទៀត»។ សម្តេចបានបន្ថែមទៀតថា៖ «កម្ពុជាចាប់តាំងពីអត់ទាន់បានបោះបង្គោលព្រំដែនឯកភាពកាលពីជាង ២០ឆ្នាំមុន រហូតពេលនេះបោះបង្គោលបានជាច្រើន និងនៅសេសសល់មិនទាន់ឯកភាពគ្នានោះ កំពុងបន្តធ្វើកិច្ចការងារនេះ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំធ្វើយ៉ាងណា ដើម្បីការបោះបង្គោលព្រំដែនឯកភាពគ្នាឱ្យបានចប់ឆាប់រហ័ស មិនទុកឱ្យកូនចៅជំនាន់ក្រោយពិបាកមានបញ្ហាទំនាស់ជាមួយប្រទេសជិតខាងដូចជា វៀតណាម ថៃ ឡាវ ឈ្លោះគ្នាបន្តទៀត ព្រោះតែព្រំដែនមិនទាន់ច្បាស់លាស់ ហើយការដោះស្រាយព្រំដែននេះ ត្រូវការពេលវេលាយូណាស់មិនថាប្រទេសជាប្រទេសណាទេ»៕
