2025-05-22 11:21
10

ខេត្តបាត់ដំបង÷ ជំនន់ទឹកភ្លៀងបានឆក់យកជីវិតក្មេងស្រីម្នាក់នៅតាមបណ្ដោយអូរព្រំដែនកម្ពុជា-ថៃ ដោយសារទឹកអូរហក់ឡើងភ្លាមៗ និងហូរមកលឿន។ប្រជាពលរដ្ឋអ្នកភូមិនិងជាសាក្សីបានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុច អូរក្បាលស្ពាន ខាងមុខវត្តអូរជុំ ស្ថិតក្នុងភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានក្មេងពីរនាក់ដែលបងអាយុ ៥ឆ្នាំ និងប្អូនស្រីអាយុ ៣ឆ្នាំ បាននាំគ្នាចុះលេងទឹកអូរព្រំដែន ដែលនៅពេលនោះគឺទឹកនៅបាតអូរនៅឡើយ។

ភ្លាមៗនោះដែរស្រាប់តែទឹកអូរបានជន់ឡើងយ៉ាងខ្លាំង និងហូរមកលឿន ធ្វើឱ្យក្មេងដែលត្រូវជាបងទាញដៃប្អូនរត់ឡើងទៅលើប៉ុន្តែមិនអាចទប់នឹងកម្លាំងទឹកបានឡើយ បានធ្វើឲ្យរបូតដៃប្អូន និងហូរទៅតាមទឹកបាត់ ស្រមោល ទើបមានការឆោឡោតែម្ដង។

នៅពេលនោះដែរទាំងប្រជាពលរដ្ឋ និងកម្លាំងយោធាសឹករងស្រុក បានចេញប្រតិបត្តិការស្វែងរកនៅតាមដងអូរ ទីបំផុតរហូតដល់វេលាម៉ោង១៨និង១០នាទីកម្លាំងចំរុះក្នុងស្រុកបានរកឃើញ សពកុមារីរងគ្រោះឈ្មោះ កុល ស៊ាវអ័រ អាយុ៣ឆ្នាំ ដោយទទួលមរណៈ ភាពទៅហើយ។

អាជ្ញាធរនៅក្នុងតំបន់នោះអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្ដោយអូរព្រំដែនមេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការបណ្ដោយឲ្យក្មេងតូចៗចុះទៅលេងទឹកអូរ ព្រោះរដូវនេះទឹកជន់លឿនជាទីបំផុត បន្ទាប់ពីមានភ្លៀងធ្លាក់រួចដូច្នេះត្រូវបង្កើននូវការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពទាំងអស់គ្នា៕