
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្ត និងជំរុញការអានរបស់យុវជន តាមរយៈការបង្កើតយុទ្ធនាការ និងទិវាជាតិអំណាន ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ និងធ្វើជាបន្តបន្ទាប់នាពេលកន្លងមក ដែលការណ៍នេះ នឹងបង្កើននូវទម្លាប់នៃការសិក្សា ហើយនឹងជួយឱ្យមានបំណិនលើការត្រិះរិះ និងថ្លឹងថ្លែង បែបរស់រវើក ដោយចំណេះដឹងពិតប្រាកដ។
ប្រមុខរដ្ឋាភិបាលបានរំលេចថា កាលពីសម្តេចនៅរៀនថ្នាក់បឋមសិក្សា រហូតដល់វិទ្យាល័យនៅក្នុងសាលាមានសៀវភៅប្រមាណ ៥ក្បាល់ប៉ុណ្ណោះ សម្រាប់មុខវិទ្យាមួយ អញ្ចឹងមានតែស្តាប់លោកគ្រូ អ្នកសង្ខេបរួចកត់ត្រា និងទន្ទេញឱចាំស្ទាត់ ដើម្បីពេលគ្រូហៅឱ្យឡើងសូត្រកុំឱ្យបាត់សូម្បីតែមួយពាក្យ។ មានន័យថា យើងត្រូវពង្រឹងវិន័យឱ្យបានល្អប្រសើរ ព្រោះពេលនោះ គឺយើងនៅខ្វះធនធាន។ កាលនោះមានតែមុខវិទ្យាតែងសេចក្តីមួយគត់ដែលឱ្យយើងអង្គុយគិតគូសរសេរ ប៉ុន្តែតាមសាលាបច្ចុប្បន្នសិស្សានុសិស្សមានសៀវភៅអានគ្រប់គ្រាន់ ហើយលោកគ្រូ អ្នកគ្រូដាក់វិញ្ញាសារឱ្យគិតគូខ្លួនឯង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យមានការចងក្រងស្នាដៃ និងនិក្ខេបបទបញ្ចប់ការសិក្សា ការសិក្សាស្រាវជ្រាវ និងប្រវត្តិសាស្ត្រផ្សេងៗ ដើម្បីដាក់ក្នុងបណ្ណាល័យ សម្រាប់សិស្ស និស្សិតជំនាន់ក្រោយបានបន្តសិក្សា ស្រាវជ្រាវ និងដកស្រង់បទពិសោធន៍ ហើយអភិវឌ្ឍខ្លួនឱ្យកាន់តែល្អប្រសើរស្របតាមបរិការថ្មីៗផងដែរ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ការរំពឹងទុក និងសង្ឃឹមថាកូនខ្មែរ នឹងខិតខំរៀបចំការសិក្សាស្រាវជ្រាវ និងចងក្រងស្នាដៃ និងរបកគំហើញនានា ពិសេសប្រវត្តិសាស្ត្រខ្មែរ ដែលចេញពីកូនខ្មែរ ឱ្យបានច្រើន ដើម្បីតម្កល់ទុកក្នុងប្រទេស និងផ្សព្វផ្សាយ ព្រមទាំងបណ្តុះបណ្តាលដល់កូនខ្មែរជំនាន់ក្រោយៗ។
ព្រមជាមួយគ្នានេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យគ្រប់ក្រសួង/ស្ថាប័នជំនាញទាំងអស់ ខិតខំចងក្រង និងថែរក្សាឯកសារ ដើម្បីបន្សល់ទុកសម្រាប់មន្ត្រីជំនាន់ក្រោយៗបានសិក្សាស្វែងយល់ ក៏ដូចជាយកទៅបំពេញការងារឱ្យកាន់តែប្រទាក់ក្រឡា និងកាន់តែល្អប្រសើរ ដើម្បីរក្សាបាននូវនិរន្តភាពនៃបទដ្ឋានការងារ៕

