2025-05-21 13:43
56

ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ នេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «ការអប់រំ សំខាន់បំផុត គឺ “គ្រូ និងសិស្ស” ព្រោះគុណភាពនៃការសិក្សាអាចធ្វើទៅបានអាស្រ័យលើសមត្ថភាពស្ទាត់ជំនាញ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះ ដើម្បីអប់រំគ្រូប្រកបដោយគុណភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ ហើយពិតណាស់ការគាំទ្រពីសហគមន៍ និងអាណាព្យាបាល ឪពុកម្តាយសិស្ស ក៏ជាការចាំបាច់»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «ហេដ្ឋានចរនាសម្ព័ន្ធរូបវ័ន្តសាលា កម្មវិធីសិក្សា ឧបករណ៍សម្ភារៈទាំងអស់ អាចប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពទាល់តែគ្រូមានសមត្ថភាព ទោះបីបំពាក់ឧបករណ៍សម្ភារ៉ទំនើបយ៉ាងម៉េចក៏ដោយប្រសិនគ្រូមិនចេះប្រើប្រាស់ មិនអាចទៅមុខរួចនោះទេ។ យើងសុខចិត្តប្រឈមក្នុងការពង្រីកគ្រូដែលមានគុណភាព ស្ថិតនៅកម្រិតល្បឿនយឺត ប្រសើរជាងពង្រីកគ្រូច្រើន តែមិនមានគុណភាព និងគុណវុឌ្ឍច្បាស់លាស់។ ដូចនេះ យើងឈរលើលើភាពបត់បែន តែត្រូវឈរលើគុណភាព និងនិយាមការច្បាស់លាស់ក្នុងការជ្រើសរើសគ្រូ និងបំពេញបន្ថែមឱ្យស្របទៅតាមតម្រូវការជាក់ស្តែង»។ 

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «សិស្សរៀននៅក្រោមដើមឈើ ប្រសិនបើមានគ្រូល្អ សិស្សមានសមត្ថភាពខ្ពស់ជាងសាលាល្អ ដែលមានគ្រូគ្មាសមត្ថភាពពិតប្រាកដក្នុងការបង្រៀនសិស្ស ដូច្នេះត្រូវពង្រឹងសមត្ថភាពគ្រូបង្រៀនឱ្យល្អប្រកបដោយគុណភាព មានជំនាញច្បាស់លាស់ក្នុងការបង្រៀន។ បច្ចុប្បន្នយើងឃើញថាកំណើនប្រជាពលរដ្ឋលឿន អញ្ចឹងតម្រូវការសាលាលឿនជាងការផ្គត់ផ្គង់គ្រូបង្រៀន ដោយកន្លែងខ្លះត្រូវដំឡើងពីបឋមសិក្សាទៅជាអនុវិទ្យាល័យ វិទ្យាល័យហើយនៅមានការខ្វះខាតអគារសិក្សា ជាពិសេសខ្វះគ្រូបង្រៀន ដែលជាបញ្ហាចោទដែលក្រសួងអប់រំ យុវជន និងកីឡាកំពុងយកចិត្តទុកដាក់ ដើម្បីដោះស្រាយតាមរយៈជ្រើសរើសគ្រូកិច្ចសន្យា និងរូបភាពផ្សេងៗទៀត»

«ចំពោះបញ្ហាប្រឈបនឹងការដោះស្រាយចំពោះមុខនៅកន្លែងកំពុងជួបប្រទះការខ្វះខាតសាលា និងគ្រូបង្រៀននៅតាមតំបន់ដាច់ស្រយាលមួយចំនួនវាមិនអាចធានាបាននូវចីរភាពយូអង្វែងបានទេ ត្រូវគិតគូរអំពីបរិមាណ និងគុណភាពឱ្យចីរភាពយើងសុខចិត្តប្រឈមក្នុងការពង្រីកគ្រូដែលមានគុណភាព ស្ថិតនៅកម្រិតល្បឿនយឺត ប្រសើរជាងពង្រីកគ្រូច្រើន តែមិនមានគុណភាព និងគុណវុឌ្ឍច្បាស់លាស់។ ដូចនេះ យើងឈរលើលើភាពបត់បែន តែត្រូវឈរលើគុណភាព និងនិយាមការច្បាស់លាស់ក្នុងការជ្រើសរើសគ្រូ និងបំពេញបន្ថែមឱ្យស្របទៅតាមតម្រូវការជាក់ស្តែង ព្រោះពីមួយថ្ងៃទៅមួយថ្ងៃសិស្សត្រូវការទទួលគុណភាព និងការអប់រំ»។ នេះការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងពង្រឹងគុណភាពអប់រំនៅកម្ពុជា ប្រកបដោយចីរភាព និងយូអង្វែង៕