
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា៖ «សម្ដេចបានចុះហត្ថលេខាលើអនុក្រឹត្រមួយរួចហើយពាក់ព័ន្ធនឹងវិស័យអាទិភាពពីរ គឺការពង្រឹងគុណភាពវិស័យសុខាភិបាល និងវិស័យអប់រំនៅមូលដ្ឋាន ក្នុងការបើកច្រកដល់អ្នកដែលនៅមានគុណវុឌ្ឍិចូលជាក្រមខណ្ឌកុងត្រា ប៉ុន្តែជាកិច្ចសន្យាបច្ចេកទេស ដោយគិតគូពីប្រាប់បៀវត្សន៍ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ស្រដៀងមន្ត្រីក្របខ័ណ្ឌរដ្ឋ ប៉ុន្តែមិនមែនជាក្របខ័ណ្ឌទេ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «យើងចាប់ផ្តើមសាកល្បងកម្មវិធីដោយចាប់ផ្តើមសាកល្បងក្នុងវិស័យអប់រំចាប់ពីថ្នាក់មតេយ្យសិក្សា រហូតដល់ថ្នាក់ទី១២។ ចំណែកវិស័យសុខាភិបាល ចាប់ពីបុស្តិ៍សុខភាព រហូតដល់មន្ទីរពេទ្យបង្អែកស្រុក ខណ្ឌ ព្រោះអាចនៅស្រុក ឬខេត្តខ្លះខ្វះគ្រូបង្រៀន គ្រូពេទ្យ ប៉ុន្តែមានមនុស្សដែលមានសក្តានុពល បើអអនុវត្តន៍តាមគោលការណ៍បច្ចុប្បន្នវាមិនអាចទៅរួច ដោយសារពួកគាត់អាហ្នឹងលើអាយុ។ បើឱ្យពួកគាត់ធ្វើជាមន្ត្រីជាប់កិច្ចសន្យាទទួលបានប្រាក់បៀវត្សន៍តិច គឺគាត់មិនព្រមធ្វើទេ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះយើងត្រូវតែពង្រឹងបរិមាណ និងគុណភាព មិនអាចមានតែបរិមាណហើយគ្មានគុណភាពនោះទេ។ បើយើងខំជ្រើសរើសគ្រូដែលគ្មានសមត្ថភាព គុណវុឌ្ឃិមិនអាចទៅរួចទេ ដូច្នេះត្រូវបើកច្រកមើលអ្នកមានសមត្ថភាព គុណសម្បត្តិគ្រប់គ្រាន់ និងគុណវុឌ្ឍិ ដោយធ្វើការបំពេញបន្ថែមឱ្យគាត់ ដើម្បីក្លាយគ្រូប្រកដោយគុណភាព ហើយកម្មវិធីនេះ នឹងចាប់ផ្តើមសាកល្បងនៅខេត្តប៉ៃលិនមុនគេ ប្រសិនបើទទួលបានជោគជ័យ នឹងធ្វើការកែសម្រួលបន្ត»។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «កម្មវិធីនេះយើងមិនមែននិយាយតែមាត់ចោលនោះទេ គឺរដ្ឋាភិបាលបានគិតគូរច្បាស់លាស់ពីមុខងារសាធារណៈ ដោយបានប្រជុំជាមួយអន្តរក្រសួងជាច្រើនលើ ដើម្បីសិក្សា និងអនុវត្តន៍ផែនការនេះ ជាពិសេសវិស័យអប់រំ និងសុខាភិបាល ហើយសង្ឃឹមថានៅថ្ងៃខាងមុខក្រមខ័ណ្ឌនៃមន្ត្រីរាជកាក៏មិនប៉ោងធំដែរ។ មានន័យថា មន្ត្រីស្នូលនៃក្របខ័ណ្ឌមានជម្រើសមន្ត្រីកិច្ចសន្យាបច្ចេកទេស និងមន្ត្រីក្របខ័ណ្ឌ អញ្ចឹកកន្លែងហ្នឹងមានតម្រូវការម្តងមួយកាលទេ មិនចាំបាច់បំពេញក្របខ័ណ្ឌមន្ត្រីរាជកាបន្ថែមទេ ដែលត្រូវធានារ៉ាប់រងរហូត២០ទៅ៣០ឆ្នាំ ដូច្នេះយើងជ្រើសអ្នកមានសមត្ថភាព និងគុណវុឌ្ឍិនៅទីនោះស្រាប់ គឺជាការប្រសើរ ព្រោះមិនប្រឈមការដោះស្រាយរយៈពេលវែងទេ»។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី “សម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ” នៅព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ នេះ នៅរាជធានីភ្នំពេញ៕