2025-05-20 10:59
16

ទីក្រុងឡុងដ៍ / ព្រុចសែល ថ្ងៃទី 19 ឧសភា (Reuters)៖ យោងតាមការចេញផ្សាយដោយ រ៉យទ័រ នាថ្ងៃទី២០ ខែឧសភា នេះ ចក្រភពអង់គ្លេសបានយល់ព្រមកំណត់ទំនាក់ទំនងការពារជាតិ និងពាណិជ្ជកម្មដ៏សំខាន់បំផុតឡើងវិញ ជាមួយសហភាពអឺរ៉ុប កាលពីថ្ងៃទី១៩ ឧសភា ម្សិលមិញនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានរុញច្រានភាគីទាំងពីរឱ្យបន្តសម្របសម្រួលគ្នា។

ជិត ៩ឆ្នាំបន្ទាប់ពីបានបោះឆ្នោតឱ្យចាកចេញពីប្លុកនេះ ចក្រភពអង់គ្លេសបានឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយជាមួយ សហភាពអឺរ៉ុប រួមទាំងកតិកាសញ្ញាសន្តិសុខ និងការការពារ ការរឹតបន្តឹងតិចតួចលើអ្នកនាំចេញអាហារអង់គ្លេស និងអ្នកទេសចរ រួមទាំងកិច្ចព្រមព្រៀងនេសាទថ្មីដ៏ចម្រូងចម្រាសមួយ។

ពន្ធគយរបស់លោក Trump រួមជាមួយនឹងការព្រមានពីអឺរ៉ុប បានបង្ខំឱ្យរដ្ឋាភិបាលជុំវិញពិភពលោកគិតឡើងវិញអំពីទំនាក់ទំនងពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ ដែលនាំឱ្យនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាន់តែជិតស្និទ្ធជាមួយមេដឹកនាំអឺរ៉ុប។

អមដោយប្រធានគណៈកម្មការសហភាពអឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Starmer បាននិយាយថា កិច្ចព្រមព្រៀងនេះគឺជា "យុគសម័យថ្មីក្នុងទំនាក់ទំនងរបស់យើង" ។

គួរឲ្យដឹងថា នេះគឺជាកិច្ចព្រមព្រៀងទី 3 ហើយ ដែលចក្រភពអង់គ្លេសបានធ្វើនៅក្នុងខែនេះ បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយឥណ្ឌា និងសហរដ្ឋអាមេរិក បើទោះបីជាកិច្ចព្រមព្រៀងនេះមិនទាន់ជម្រុញសេដ្ឋកិច្ចភ្លាមៗយ៉ាងណាក៏ដោយ ក៏វាអាចជួយបង្កើនទំនុកចិត្តអាជីវកម្ម ដោយទាក់ទាញការវិនិយោគដែលត្រូវការច្រើនដែរ។

ជាថ្នូរនឹងគ្នា ចំពោះការនេសាទ កប៉ាល់អង់គ្លេស និងសហភាពអឺរ៉ុបនឹងអាចចូលទៅកាន់ដែនទឹករបស់គ្នាទៅវិញទៅមកក្នុងរយៈពេល 12 ឆ្នាំ។ 

បន្ថែមពីនោះ ចក្រភពអង់គ្លេសបានយល់ព្រមលើគម្រោងមានកំណត់មួយ ដើម្បីអនុញ្ញាតឱ្យយុវជនសហភាពអឺរ៉ុបនិងប្រជាជនអង់គ្លេសរស់នៅ និងធ្វើការក្នុងទឹកដីរបស់គ្នាទៅវិញទៅមកមួយរយៈពេល ដោយព័ត៌មានលម្អិតនឹងត្រូវដាក់ចេញនាពេលខាងមុខ៕