
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បាននិយាយបញ្ជាក់បន្ទាប់ពីការហៅរបស់លោកកាលពីថ្ងៃចន្ទជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថា រុស្ស៊ី និងអ៊ុយក្រែននឹងចាប់ផ្តើមការចរចារភ្លាមៗសម្រាប់បទឈប់បាញ់ ប៉ុន្តែវិមានក្រឹមឡាំងបែរជាបាននិយាយថា ដំណើរការនេះគឺត្រូវការពេលវេលា។
បន្ថែមពីនោះប្រធានាធិបតីអាមេរិករូបនេះបានបង្ហាញថា លោកនៅមិនទាន់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជាមួយអឺរ៉ុបជាមួយនឹងការដាក់ទណ្ឌកម្មថ្មីដើម្បីដាក់សម្ពាធលើទីក្រុងមូស្គូនោះទេ។
យោងតាមការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បាននិយាយថា លោកបានបញ្ជូនផែនការទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ក៏ដូចជាមេដឹកនាំនៃសហភាពអឺរ៉ុប បារាំង អ៊ីតាលី អាល្លឺម៉ង់ និងហ្វាំងឡង់ នៅក្នុងការហៅជាក្រុមបន្ទាប់ពីកិច្ចប្រជុំរបស់គាត់ជាមួយមេដឹកនាំរុស្ស៊ី។
ដោយក្នុងនោះ លោក Trump បាននិយាយថា "រុស្ស៊ី និងអ៊ុយក្រែននឹងចាប់ផ្តើមការចរចាភ្លាមៗ ឆ្ពោះទៅរកបទឈប់បាញ់ ហើយសំខាន់ជាងនេះទៅទៀតគឺ ការបញ្ចប់សង្រ្គាម" ។
លើសពីនេះ ពូទីន បានថ្លែងអំណរគុណចំពោះលោក Trump សម្រាប់ការបន្តគាំទ្រចំពោះការចរចាដោយផ្ទាល់រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ បន្ទាប់ពីភាគីទាំងពីរបានជួបប្រជុំគ្នានៅប្រទេសទួរគីកាលពីសប្តាហ៍មុន សម្រាប់ការចរចាទល់មុខគ្នាជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ 2022 មក។
លោកពូទីនបានប្រាប់អ្នកយកព័ត៌មាននៅជិតរមណីយដ្ឋានសមុទ្រខ្មៅ Sochi ថា លោកបានយល់ព្រមជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកថារុស្ស៊ីនឹងស្នើ ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយភាគីអ៊ុយក្រែនលើអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមការបង្ហោះនៅលើសង្គម X របស់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កាលពីល្ងាចថ្ងៃចន្ទ មេដឹកនាំអឺរ៉ុបបានសម្រេចចិត្តបង្កើនសម្ពាធលើរុស្ស៊ីតាមរយៈការដាក់ទណ្ឌកម្ម បន្ទាប់ពីលោក Trump ប្រាប់ពួកគេអំពីការហៅទូរស័ព្ទរបស់គាត់ជាមួយលោកពូទីន។
ដោយក្នុងនោះ Trump នៅមិនទាន់បានបង្ហាញខ្លួនថាបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើតាមចំណាត់ការនេះនោះទេ។
ហើយនៅពេលសួរថា ហេតុអ្វីបានជាគាត់មិនដាក់ទណ្ឌកម្មថ្មីៗ ដើម្បីជំរុញទីក្រុងមូស្គូចូលទៅក្នុងកិច្ចព្រមព្រៀងសន្តិភាពដូចដែលគាត់បានគំរាមកំហែងនោះ Trump បានប្រាប់អ្នកយកព័ត៌មានថា លោកគិតថានឹងមានឱកាសធ្វើអ្វីមួយ ហើយប្រសិនបើលោកសម្រេចដាក់ទណ្ឌកម្មលើរុស្ស៊ី នោះបញ្ហានឹងកាន់តែអាក្រក់ទៅៗ។
Trump ក៏បានបន្ថែមថា ក្នុងការចរចារនេះប្រសិនបើគ្មានការរីកចំរើនទេ លោកនឹងដកខ្លួនចេញពីដំណើរការនេះ ដោយលោកបានព្រមានម្តងទៀតថា លោកអាចបោះបង់ចោលដំណើរការនេះ។ ព្រោះនេះមិនមែនជាសង្រ្គាមរបស់លោកទេ៕
