
បាល់ទាត់៖ ជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី រវាងក្លិបព្រះខ័នរាជស្វាយរៀង និងក្លិប FK Arkadag នាចុងសប្ដាហ៍នេះ គឺធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដើម្បីកាត់សេចក្ដីរកក្រុមជើងឯក និងទទួលបានពាន អមប្រាក់រង្វាន់ប្រមាណ ១លានដុល្លារ ។
នៅសល់រយៈពេល ២ថ្ងៃទៀត នឹងឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 រវាងក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ជាមួយក្លិប FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាវេលាម៉ោង ៧យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ ស្របពេលសំបុត្រចូលទស្សនាការប្រកួតនេះ ត្រូវបានប្រកាសលក់អស់គ្មានសល់ ក្នុងពេលមិនដល់ ១សប្ដាហ៍ផង។
សំបុត្រចំនួន ៥៣,០០០សន្លឹក ដែលត្រូវបានប្រកាសបើកលក់កាលពីថ្ងៃទី១ ខែឧសភាកន្លងទៅ ត្រូវបានក្លិបព្រះខ័នរាជស្វាយរៀង ប្រកាសលក់អស់ហើយ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ក្រោយផ្ទុះការគាំទ្រ និងសម្រុកទិញយ៉ាងគំហុករាល់ពេលបើកលក់ម្ដងៗ ដែលប្រើពេលមិនដល់ ១ម៉ោងស្រួលបួលផង ។ សំបុត្រចំនួន ៥៣,០០០សន្លឹក ដែលត្រូវបានប្រកាសបើកលក់អស់ មានតម្លៃត្រឹមតែ៥០០០រៀល និង៨០០០រៀល តែប៉ុណ្ណះ។
ចំណែកចំណតចូលទស្សនានាពហុកីឡាដ្ឋានជាតិមរកតតេជោ ត្រូវបានបែងចែកជា២ និងបានចែងចែកដាច់ដោយឡែករវាងច្រកចូល និងច្រកចេញ ដើម្បីកាត់បន្ថយការកកស្ទះ។ ចំពោះចំណតរថយន្តមានតម្លៃត្រឹមតែ២០០០ពាន់រៀល ខណៈចំណតម៉ូតូមានតម្លៃត្រឹមតែ១០០០រៀល តែប៉ុណ្ណោះ។ ដូច្នេះ សម្រាប់អ្នកគាំទ្របាល់ទាត់នៅកម្ពុជា ដែលមានសំបុត្រនៅក្នុងដៃរួចហើយនោះ កុំបារម្ភថា ចូលទស្សនាអស់លុយច្រើន មានតែ២ពាន់រៀល ក៏អាចចូលទស្សនាបានដែរ ៕



