2025-05-08 16:53
10

បាត់ដំបង៖ អតីតមន្ត្រីនគរបាលជាតិម្នាក់ ដែលចូលនិវត្តន៍ ធ្លាប់មានតួនាទីជា «អធិការរង» នៃអធិការនគរបាលស្រុកគាស់ក្រឡ ព្រមទាំងប្រជាពលរដ្ឋ ចំនួន ១១គ្រួសារផ្សេងទៀត បានប្រឈមមុខនូវការបញ្ចេញ និងបញ្ជាឱ្យរុះលំឋានចេញជាបន្ទាប់ ពីសំណាក់អាជ្ញាធរស្រុកគាស់ក្រឡ ក្រោមហេតុផលពួកគាត់ទាំង១២គ្រួសារ បានរស់នៅ និងសង់លំនៅឋានលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ។ ប៉ុន្តែអតីតមន្ត្រីនគរបាលរូបនេះ អះអាងថា គាត់បានទិញត្រឹមត្រូវស្របច្បាប់ដោយមានអាជ្ញាធរស៊ីញ៉េទទួលស្គាល់តាំងឆ្នាំ២០០០មកម្លេះ។

តាមរយៈឃ្លីបវីដេអូរបស់លោក សិទ្ធ សំណាង ជាអតីតយុទ្ធជនដែលបានឆ្លងកាត់ការតស៊ូបម្រើប្រទេសជាតិអស់រយៈពេលជាង ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃពពេល ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានរៀបរាប់នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នេះ ដោយសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយស្វែងរកយុត្តិធម៌សម្រាប់រូបលោក ដោយសារអាជ្ញាធរស្រុកគាស់គ្រឡ បង្ខំឱ្យរុះរើផ្ទះសំបែងចេញពីលើដីទំហំ៤ម៉ែត្រគុណ២០ម៉ែត្រ ដែលកំពុងរស់ និងគ្រប់គ្រងរយៈពេលប្រមាណ ១៩ឆ្នាំកម្លងមកហើយ ប៉ុន្តែត្រូវបានអាជ្ញាធរស្រុកបែរជាចោទប្រកាន់មកលើរូបលោកថាបានរស់នៅលើដីចំណីផ្លូវរបស់រដ្ឋទៅវិញ។

អតីតមន្ត្រីនគរបាលចូលនិវត្តន៍រូបនេះ បានរៀបរាប់ទៀតថា៖ «ដីធ្លីដែលគាត់កំពុងរស់នៅនេះ គឺមានលិខិតស្នើសុំកាន់កាប់ និងប្រើប្រាស់ដីធ្លីដោយទទួលស្គាល់ពីមេឃុំអាណត្តិមុនៗផងដែរ»។

លោក សិទ្ធ សំណាង បានរំឭកអំពីសាវតាដីផ្ទះរបស់លោកថា៖ «ក្រោយពីរាជរដ្ឋាភិបាលបានបង្កើតរដ្ឋបាលស្រុកគាស់ក្រឡថ្មី ក្នុងឆ្នាំ២០០០ លុះដល់ឆ្នាំ២០០៦ លោកបានទិញដីឡូត៍ទំហំ៤ម៉ែត្រគុណ២០ម៉ែត្រ នៅខាងជើងផ្សារគាស់ក្រឡ ពីលោក ម៉ី សុខ អតីតអភិបាលស្រុកគាស់ក្រឡ (ស្លាប់) និងបានសង់ផ្ទះរស់រហូតដល់បច្ចុប្បន្ន។ លុះនៅឆ្នាំ២០០៩ លោកបានយកលិខិតអនុញ្ញាតិគ្រប់គ្រង និងប្រើប្រាស់ដីធ្លីរបស់អតីតអភិបាលស្រុកទៅដូរយកពាក្យស្នើសុំកាន់កាប់ និងប្រើប្រាស់ដីធ្លីចេញដោយលោក ហែម សំអុល អតីតមេឃុំគាស់ក្រឡ (ស្លាប់) និងបានបន្តកាន់កាប់រហូតគ្មានបញ្ហាឡើយ»។

អតីតយុទ្ធ សិទ្ធ សំណាង បានបញ្ជាក់ក្នុងវីដេអូថា លុះដល់ចុងឆ្នាំ២០២៤នេះ រដ្ឋបាលឃុំគាស់ក្រឡបានកោះហៅរូបលោកចូលទៅសាលាឃុំ ចំនួន ០៣លើក ដោយអាជ្ញាធរឃុំបានបង្ខំឱ្យរូបលោកត្រូវរុះរើផ្ទះចេញជាបន្ទាន់ដោយចោទប្រកាន់ថា បានសង់ផ្ទះលើដីចំណីផ្លូវរបស់រដ្ឋ ប៉ុន្តែលោកបានបដិសេធ និងស្នើសុំឱ្យអាជ្ញាធរមេត្តាដោះស្រាយស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជៅ គឺ “ទី១៖ ឱ្យរាស្ត្រមានមុនរដ្ឋ, ទី២៖ បើពលរដ្ឋរស់នៅលើដីរដ្ឋចាប់ពី១០ឆ្នាំឡើងទៅត្រូវប្រគល់ដីធ្លីជូនពួកគាត់ ទី៣៖ ត្រូវកាត់ឆ្វៀលដីកំពុងតែរស់នៅជួនពួកគាត់ និងទី៤៖ ប្រសិនជាត្រូវរុះរើត្រូវមានសំណង់ ឬដោះដូរសមហេតុផល” ប៉ុន្តែខាងអាជ្ញាធរឃុំមិនទទួលយកសំណូមពររបស់គាត់ទេ និងបានបញ្ជូនបន្តករណីនេះទៅសាលាស្រុក។

រហូតដល់ដើមឆ្នាំ២០២៥នេះ អាជ្ញាធរស្រុកគាស់ក្រឡ បានកោះហៅ ចំនួន ០២លើក ដោយលោកអភិបាលរងស្រុកបង្ខំឱ្យគាត់ត្រូវតែរុះរើចេញដោយចោទថា សង់ផ្ទះលើដីចំណីផ្លូវរបស់រដ្ឋ ពេលនោះលោកបដិសេធមិនព្រមរុះរើចេញ ប្រសិនបើអាជ្ញាធរគ្មានដំណោះស្រាយជូនគាត់ តែស្រុកមិនទទួលយកសំណើរគាត់ គឺត្រូវតែរុះរើចេញដោយគ្មានលក្ខខណ្ឌ។ លុះនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នេះ រដ្ឋបាលស្រុកកៅហៅលោកជាលើកទី៣ ដើម្បីឱ្យស្តាប់ការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ដោយមានអន្ថន័យថា៖ «ឱ្យរូបលោក និងពលរដ្ឋឯទៀត ត្រូវរុះរើផ្ទះចេញពីដីផ្លូវរបស់រដ្ឋជាបន្ទាន់ដោយគ្មានសំណងអ្វីឡើយ និងឱ្យអាជ្ញាធរស្រុករកដីសង្គមកិច្ចដោះដូរជូនពួកគាត់ ប៉ុន្តែពលរដ្ឋមិនទាន់យលព្រមឡើយ»។

ពាក់ព័ន្ធករណីនេះ នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥ នេះ រដ្ឋបាលស្រុកគាស់ក្រឡ បានបញ្ជាក់ជូនលោក សិទ្ធ សំណាង ក៏ដូចជាសាធារណៈជន មេត្តាជ្រាបថា៖ ករណីដែលលោកលើកឡើងពាក់ព័ន្ធអាជ្ញាធរណែនាំឱ្យធ្វើការរុះរើសំណង់របស់លោកទំហំ៤ម៉ែត្រ×២០ម៉ែត្រ សិ្ថតនៅភូមិព្រៃពពេល ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ គឺដោយសារទីតាំងនេះ បានចុះបញ្ជីលក្ខណៈជាប្រព័ន្ធរួចរាល់ហើយនៅក្នុងឆ្នាំ២០២១ ហើយបានទុកផ្លូវទំហំ ៦ម៉ែត្រ ជាប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋទូទៅ ប៉ុន្តែលោក សិទ្ធ សំណាង បានសង់សំណង់រំលោភលើដីផ្លូវរបស់រដ្ឋទំហំ ៤ម៉ែត្រ×២០ម៉ែត្រ ដូចនេះទំហំផ្លូវដែលនៅសល់តែ ២ម៉ែត្រប៉ុណ្ណោះ ក្នុងករណីប្រសិនបើមានគ្រោះអគ្គីភ័យជាយថាហេតុណាមួយកើតឡើង សមត្ថកិច្ចមិនអាចចូលរថយន្តពន្លត់អគ្គីភ័យ ដើម្បីសង្គ្រោះប្រជាពលរដ្ឋបានឡើយ។

រដ្ឋបាលស្រុកគាស់ក្រឡបានបញ្ជាក់ថា «ករណីនេះកំពុងធ្វើការប្រជុំសម្របសម្រួលជាមួយប្រជាពលរដ្ឋទាំង១២គ្រួសារ ដែលបានរស់នៅលើដីចំណីផ្លូវរបស់រដ្ឋ ដើម្បីឱ្យពួកគាត់ចូលរួមក្នុងការរុះរើសំណង់ដែលសង់រំលោភលើដីចំណីផ្លូវរបស់រដ្ឋដោយពុំមានសំណងឡើយ ហើយតាមការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលស្រុកគាស់ក្រឡកំពុងពិនិត្យជាក់ស្តែងលើប្រជាពលរដ្ឋទាំង១២គ្រួសារនេះ ក្នុងករណីពុំមានដីពិតប្រាកដ រដ្ឋបាលស្រុកនឹងពិនិត្យលទ្ធភាពស្វែងរកដីសម្បទានសង្គមកិច្ចជូនពួកគាត់»៕