2025-05-08 15:43
9

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនជម្រើសជាតិកីឡាប្រដាល់សកល៣រូប

ភ្នំពេញ៖ ជម្រើសជាតិកីឡាប្រដាល់សកល៣រូបរួមនឹងគ្រូបង្វឹកមួយរូប ត្រូវបានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនទៅចូលរួមការប្រកួត កីឡាយុវជនអាស៊ីក្រោមអាយុ២២ឆ្នាំ នៅប្រទេសស្រីលង្កា ដែលការប្រកួតជាផ្លូវការចាប់ពីថ្ងៃទី១០ ដល់២៤ ខែ ឧសភា ឆ្នាំ២០២៥។

កីឡាករប្រដាល់សកលជម្រើសជាតិទាំង៣រូបនេះ នឹងត្រូវធ្វើការប្រកួតលើ៣ប្រភេទទម្ងន់ ក្នុងនោះរួមមាន៖

-កីឡាករ នា សុវណ្ណ ប្រកួតក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម

-កីឡាករ រ៉ុន វិរៈ ប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម

-កីឡាករ ឡុង ណូវែល ប្រកួតក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។

ចំពោះសមាសភាព កីឡាករជម្រើសជាតិប្រដាល់សកលទាំង៣រូប ត្រៀមចូលរួមជើងឯកអាស៊ី នៅស្រីលង្កានេះ ត្រូវបាន លោក ចេង ដារ៉ា គ្រូបង្វឹកកីឡាប្រដាល់សកលជម្រើសជាតិ អះអាងថា បច្ចុប្បន្នមើលឃើញថា កម្លាំងរៀងនូវស្ទើនៅឡើយ រីឯបច្ចេកទេសនិងទិចនិចប្រកួតគឺល្អ ខណៈការហ្វឹកហាត់ត្រៀមនេះ លោកជាគ្រូបង្វឹកកំពុងជំរុញបង្កើនការហ្វឹកហាត់ទាំងកម្លាំងនិងបច្ចេកទេសប្រកួត។

ជាមួយការប្រកួតដ៏ធំនេះ ក្នុងនាមជាគ្រូបង្វឹកជម្រើសជាតិប្រដាល់សកល លោក សង្ឈឹមខ្ពស់ថា កីឡាករទាំង៣រូបនេះ មានលទ្ធភាពខ្ពស់នាំយកមេដាយបានមកជូនជាតិ ខណៈឧបសគ្គប្រទេសខ្លាំងៗ លោកមិនមានការព្រូយបារម្ភនោះឡើយ ដ្បិតគេក៏ហាត់យើងក៏ហាត់។

គួរជម្រាបជូនថា កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជាទាំង៣រូប កំពុងហ្វឹកហាត់ត្រៀមខ្លួនចូលរួមជើងឯកយុវជនអាស៊ីក្រោមអាយុ២២ឆ្នាំ នៅស្រីលង្កា បានបង្ហើបថា ពួកគេកំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ដុះខាត់សមត្ថភាពយ៉ាងខ្លាំង ដើម្បីបំពេញកម្លាំងនិងបច្ចេកទេស ដ្បិតការប្រកួតនេះ គឺជាការប្រកួតកម្រិតអាស៊ីដែលពួកគេបានចូលរួមលើកដំបូង។ដូច្នោះការប្រកួតនេះ ពួកគេនិងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីនាំយកលទ្ធផលល្អជូនកម្ពុជា។ 

សម្រាប់ព្រឹត្តិការណ៍ប្រកួតយុវជនអាស៊ីក្រោមអាយុ២២ឆ្នាំនេះដែរ សហព័ន្ធកីឡាប្រដាល់កម្ពុជា ធ្លាប់ចូលរួម២លើករួចមកហើយ ដោយលើកទី១ពុំទទួលបានមេដាយនោះទេ ខណៈលើកទី២នៅប្រទេសថៃ ដដែល កម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ១និងមេដាយប្រាក់មួយ ខណៈលើកទី៣នៅប្រទេសស្រីលង្កា ដែលមានប្រទេសអាស៊ីចូលរួមជាង៣០ប្រទេសនេះ កម្ពុជាក៏មានក្តីសង្ឈឹមខ្ពស់នាំយកមេដាយបានមកជូនជាតិ ផងដែរ៕ ប្រភព៖ NOCC