
កាលពីថ្ងៃពុធ ម្សិលមិញនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យមានការជួយដោះស្រាយភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន ដែលបានកើតឡើងក្រោយពីប៉ាគីស្ថានបានធ្វើការវាយប្រហារលើភ្ញៀវទេសចរហិណ្ឌូ កាលពីខែមុន ក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា និងបានសម្លាប់ជនជាតិឥណ្ឌាចំនួន ២៦នាក់។
ក្រោយមក ឥណ្ឌា ក៏បានធ្វើការវាយប្រហារសងសឹកទ្រង់ទ្រាយធំវិញ ទៅលើទីតាំងសំខាន់ៗ៩កន្លែង នៃប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សចំនួន ០៧នាក់ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ។
ក្នុងនោះ លោក Trump បានអត្ថាធិប្បាយអំពីស្ថានភាពប៉ុន្មានម៉ោងបន្ទាប់ពីឥណ្ឌាបាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានធ្វើការវាយប្រហារប្រឆាំងនឹងប៉ាគីស្ថានកាលពីព្រឹកថ្ងៃពុធ។
ដោយ លោក Trump បាននិយាយអំពីជម្លោះនេះថា៖ «វាអាក្រក់ណាស់។ លោក ត្រាំ បានបន្តថា សហរដ្ឋអាមេរិកមានទំនាក់ទំនងល្អជាមួយប្រទេសទាំងពីរ ហើយលោកចង់ឃើញការបញ្ឈប់នូវភាពតានតឹងរវាងប្រទេសទាំងពីរនេះ។
គួរបញ្ជាក់ថា រវាងប៉ាគីស្ថាននិងឥណ្ឌា ធ្លាប់មានភាពតានតឹងរវាងគ្នាមកយូរដែរហើយ ដោយទាំងឥណ្ឌានិងប៉ាគីស្ថានអះអាងថា តំបន់កាស្មៀរទាំងអស់គឺជាផ្នែកមួយនៃប្រទេសរបស់ពួកគេដោយត្រឹមត្រូវ៕
