
សង្គ្រាមរវាងឥណ្ឌា-ប៉ាគីស្ថាន ចាប់ផ្តើមបានផ្ទុះហើយ ដោយឥណ្ឌាបើកការវាយប្រហារលើទីតាំង៩កន្លែង ក្នុងតំបន់កាស្មៀរខាងប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្ស ចំនួន ០៧នាក់ក្នុងនោះកុមារ ចំនួន ០២នាក់ ខណៈពេលនេះ អាជ្ញាធរនៃទីក្រុងអ៊ីស្លាម៉ាបាដ បានប្រកាសថានឹងសងសឹកវិញ។
តាមការចុះផ្សាយរបស់ CNN ដោយដកស្រង់ប្រភពយោធាប៉ាគីស្ថាន នៅថ្ងៃពុធ ទី០៧ ខែឧសភា ឆ្នាំ២០២៥ ការវាយប្រហាររបស់ឥណ្ឌា ទៅលើប៉ាគីស្ថាន នាពេលនេះ គឺកើតឡើងនៅពីក្រោយមានភាពតានតឹង ពីការវាយប្រហារលើភ្ញៀវទេសចរហិណ្ឌូ កាលពីខែមុន ក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា បានសម្លាប់ជនជាតិឥណ្ឌា ចំនួន ២៦នាក់។
តាមសេចក្តីការណ៍ដដែល បានឱ្យដឹងថា មីស៊ីល និងគ្រាប់កាំភ្លើងធំ របស់យោធាឥណ្ឌា បានសម្លាប់មនុស្ស ចំនួន ៩៧នាក់ ក្នុងនោះរួមមានទាំងកុមារ២នាក់ផងដែរ។ ចំណែកមនុស្ស១២នាក់ រងរបួស ខណៈការផ្ទុះដ៏ធំនេះបានកើតឡើងយ៉ាងរង្គើ នៅក្នុងតំបន់ Muzaffarabad។
អាជ្ញាធរនៃប្រទេសឥណ្ឌា អះអាងថាការវាយប្រហារនេះ ដើម្បីកម្ទេចជំរំក្រុមភេរវករ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋថា ការបាញ់មីស៊ីលរបស់ឥណ្ឌចេញពីដែនអាកាស ធ្លាក់ចំតំបន់ស៊ីវិល មិនមែនគោលដៅភេរវករដូចការកំណត់នោះទេ។
ឧត្តមសេនីយ៍ឯក Ahmed Sharif Chaudhry អ្នកនាំពាក្យយោធាប៉ាគីស្ថាន បានប្រាប់ CNN ថា មានយន្តហោះចំបាំងចំនួន ០២គ្រឿង និងដ្រូន ០១គ្រឿង ត្រូវបានបាញ់ទម្លាក់ហើយ។ លោកបានបន្ថែមថា មានរបាយការណ៍ផ្សេងទៀតនៃការខូចខាតជាច្រើន ដែលកងកម្លាំងប៉ាគីស្ថានទាំងនៅលើដី និងលើអាកាសបានរងការខូចខាត។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានកោះប្រជុំជាបន្ទាន់ជាមួយគណៈកម្មការសន្តិសុខជាតិ និងហៅការវាយប្រហារដ៏សារហាវរបស់ប្រទេសឥណ្ឌានេះថាជា «សកម្មភាពនៃសង្គ្រាម» និងប្រកាសពីសិទ្ធការពារខ្លួន និងប្តេជ្ញាសងសឹកទៅវិញ តាមពេលវេលា និងគោកដៅដែលខ្លួនកំណត់។ ប៉ាគីស្ថាន បានសម្រេចបិទដែនអាកាសនៅជុំវិញទីក្រុង Lahore នាភាគខាងជើងប្រទេស និងទីក្រុង Karachដោយ យន្តហោះមួយចំនួនត្រូវប្តូរផ្លូវហោះហើរ៕

