
ភ្នំពេញ៖ ក្រោយបែកធ្លាយរឿងអាស្រូវដើរប្រមូលលុយពីអ្នកលក់ផលិតផលអនឡាញ ពីសំណាក់លោកវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានថ្នាក់លើកោះប្រជុំក្រុមប្រឹក្សាវិន័យ បើកការស៊ើបអង្កេត និងសាម៉ីខ្លួនទទួលកំហុស ពេលនេះអគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់សំណើរទៅក្រសួងមហាផ្ទៃ ដើម្បីអនុវត្តវិន័យកងកម្លាំងក្រោមរូបភាពដកហូតមុខតំណែង ពី «អនុប្រធាននាយកដ្ឋាន» ឱ្យមកជាមន្ត្រីនគរបាលជាតិធម្មតាវិញ។
អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ កាលពីថ្ងៃទី២០ ខែមេសា និងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ មានការបង្ហោះផ្សាយព័ត៌មាន តាមបណ្តាញទំនាក់ទំនងសង្គម ពាក់ព័ន្ធទង្វើរបស់លោកវរសេនីយ៍ទោ សាន សាធុកា ហៅ ធន់ សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានឆ្លៀតយកតួនាទីរបស់ខ្លួនកេងយកប្រយោជន៍ពីប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផល តាមអនឡាញតូចតាច។
ពាក់ព័ន្ធការផ្សព្វផ្សាយខាងលើនេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា លោកវរសេនីយ៍ទោ សាន សាធុកា អត្តលេខ ៣១៧២២ អនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះប្រជុំ ដើម្បីបំភ្លឺជូនក្រុមប្រឹក្សាវិន័យ ពាក់ព័ន្ធការចោទប្រកាន់ដូចបានចុះផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម។ សាមីខ្លួនបានបញ្ជាក់ថា «ពុំបានដើរជំរិតទារប្រាក់ពីអាជីវករនោះទេ ប៉ុន្តែថវិកាដែលបានផ្ញើចូលក្នុងគណនីរបស់គាត់ គឺជាថ្លៃសេវា ដែលជាថ្នូរទៅនឹងការបង្ហាត់បង្ហាញពាក់ព័ន្ធបញ្ហាចុះបញ្ជីអាជីវកម្មតាមផ្លូវច្បាប់ប៉ុណ្ណោះ»។
អ្នកនាំពាក្យបញ្ជាក់ថា៖ «លោកវរសេនីយ៍ទោ សាន សាធុកា បានទទួលស្គាល់កំហុសដែលខ្លួនបានប្រើប្រាស់តួនាទីជា “មន្ត្រីនគរបាលជាតិ” ដើម្បីកេងយកប្រយោជន៍ឯកជន ដោយសំអាងលើក្រុមហ៊ុនមេធាវីបម្រើសេវាសាធារណៈ ដែលជាក្រុមហ៊ុនរបស់ប្អូន»។
ដោយពិនិត្យឃើញថា លោកវរសេនីយ៍ទោ សាន សាធុកា បានប្រព្រឹត្តខុសបទវិន័យរបស់នគរបាលជាតិ ដោយឆ្លៀតប្រើប្រាស់តួនាទី ដើម្បីកេងយកប្រយោជន៍ផ្ទាល់ខ្លួន អគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកសំណើជូនក្រសួងមហាផ្ទៃ ដើម្បីដាក់វិន័យក្រោមរូបភាពដកហូតមុខតំណែងពី «អនុប្រធាននាយកដ្ឋាន» ឱ្យមកជាមន្ត្រីនគរបាលជាតិ។
បច្ចុប្បន្ន មន្ត្រីនគរបាលរូបនេះ ក៏កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ របស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃផងដែរ៕


