
បន្ទាយមានជ័យ៖ ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងហាងការ៉ាអូខេមួយកន្លែង យីហោ «The Queen KTV» ក្នុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លងទៅថ្មីៗនេះ ពីសំណាក់កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿង ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនមនុស្សប្រុស-ស្រី រួមទាំងជនបរទេស សរុបប្រមាណ ជាង ៦០ នាក់ ក្នុងនោះមានមនុស្ស ចំនួន ០៤នាក់ ជាមន្ត្រីនគរបាលបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក៏ត្រូវនាំយកទៅសាកសួរ និងធ្វើតេស្តរកសារធាតុ ប៉ុន្តែពួកគេមិនមានជាប់ពាក់ព័ន្ធបទល្មើសនោះទេ គ្រាន់តែនាំគ្នាចូលទៅច្រៀងកម្សាន្តសប្បាយធម្មតាប៉ុណ្ណោះ។
នេះបើតាមការអះអាងរបស់មន្ត្រីអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ជូនដល់ សាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នេះ។
មន្ត្រីប៉ូលិសក្រុងប៉ោយប៉ែតទាំង០៤រូប ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនកំឡុងប្រតិបត្តិការបង្ក្រាប ករណីគ្រឿងញៀន ដ៏ក្តៅគគុកក្នុងហាងការ៉ាអូខេ «The Queen KTV» ជំនាញបានយកមកសួរនាំជុំវិញហេតុការណ៍ដែលបានកើតឡើង និងបានធ្វើតេស្តស្វែងរកសារធាតុញៀន ចំនួន ០២ លើក រួមមាន លើកទី១៖ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោយក្រុមការងាររបស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងជំនាញខេត្ត លទ្ធផលអវិជ្ជមានទាំង០៤នាក់ និងលើកទី២៖ បន្តធ្វើតេស្តនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយក្រុមការងាររបស់ការិយាល័យប្រឆាំងគ្រឿងញៀន លទ្ធផលនៅតែអវិជ្ជមានទាំង០៤នាក់ដដែល។
អ្នកនាំពាក្យស្នងកានរគរបាលខេត្តបន្ទាយមានជ័យ បានបំភ្លឺថា៖ ក្នុងពេលថ្មីៗនេះ មានការចុះផ្សាយជាបន្តបន្ទាប់តាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម នូវព័ត៌មានទាក់ទងនឹងមន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចំនួន០៣រូប ត្រូវបានឃាត់ខ្លួននៅក្នុងអំឡុងពេលប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខុសច្បាប់ដោយកម្លាំងក្រុមការងាររបស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងជំនាញ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ វេលាម៉ោង ០១និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅខារ៉ាអូខេ ដីឃ្វីន ខេជីវី «The Queen KTV»។
ឆ្លើយតបក្នុងករណីនេះ អ្នកនាំពាក្យបានបញ្ជាលថា៖ «មន្ត្រីនគរបាល ចំនួន ០៤នាក់ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ពិតជាបានចូលទៅច្រៀងលេងកំសាន្តនៅ ខារ៉ាអូខេ ដឺឃ្វីន ខេធីវី (The Queen KTV) ប្រាកដមែន ប៉ុន្តែមិនមែនបន្ទប់ជាមួយក្រុមដែលប្រើប្រាស់សារធាតុញៀនខុសច្បាប់នោះទេ គឺពួកគាត់ចូលបន្ទប់ផ្សេងគ្នាដើម្បីច្រៀងលេង កម្សាន្តសប្បាយតែប៉ុណ្ណោះ ដោយនៅខារ៉ាអូខេ ដីឃ្វីន ខេធីវី (The Queen KTV) មានច្រើនបន្ទប់»។
អ្នកនាំពាក្យស្នងការប៉ូលិសខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមថា៖ «ម្យ៉ាងវិញទៀតពុំទាន់មានគោលការណ៍ណែនាំ រឺច្បាប់ណាមួយហាមឃាត់មិនឱ្យចូលខារ៉ាអូខេច្រៀងលេងកំសាន្តក្រៅម៉ោងការងារនោះដែរ លុះត្រាតែការចូលនោះបានប្រព្រឹត្តអ្វីខុសទៅនឹងបទបញ្ជា រឺក៏ច្បាប់កំណត់។ ទោះជាយ៉ាងណាក៏ដោយស្នងការដ្ឋាននគរបាលខេត្ត បានយកមន្ត្រីទាំង០៤នាក់នោះ មកអប់រំនៅក្នុងអង្គភាពស្នងការដ្ឋាន ដើម្បីធ្វើការពិនិត្យ និងតាមដានជាបន្ត»៕
