2025-05-07 15:40
27

ភ្នំពេញ៖ ស្ពានឆ្លងទន្លេមេគង្គក្រចេះ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុនសំណង់ សៀង ហៃ(SCG) បានដំឡើងធ្នឹមស្ពានបង្ហើយនៅប្រឡោះទី២៦ ដើម្បីភ្ជាប់តួស្ពានទាំងមូល។ បើគ្មានអ្វីប្រែប្រួលនោះទេ នឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក ផន រឹម អនុរដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ផន រឹម បានឱ្យដឹងថា៖ «ចំពោះស្ពានទាំងមូលចែកចេញជា ៣ផ្នែក គឺផ្នែកខាងកើត ជាប្រភេទធ្នឹមរាងជាអក្សរ (T) មានចំនួន ២០ ប្រឡោះ, ផ្នែកកណ្តាល ជាប្រភេទធ្នឹមប្រអប់ មានចំនួន ៦ ប្រឡោះ និងផ្នែកខាងលិចជាប្រភេទធ្នឹមរាងជាអក្សរ(T) មានចំនួន ១០ ប្រឡោះ»។

មន្ត្រីអ្នកនាំពាក្យដដែលបានឱ្យដឹងទៀតថា គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែង សរុប ១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន ៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៦៩,៩១%។

លោក ផន រឹម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខ»៕