
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបញ្ជាក់ថា កន្លងមកនេះ ក្រសួងបានទទួលព័ត៌មានថា៖ «មានសហគមន៍តំបន់ការពារធម្មជាតិមួយចំនួន បានយកព្រៃឈើក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនទៅប្រើប្រាស់ផ្ទុយពីច្បាប់ ដោយបានធ្វើការលក់ដូរ ជួល ផ្តួលរំលំ ឈូសឆាយ រុករាន ទន្ទ្រានព្រៃឈើ ដើម្បីបម្រើឱ្យគោលបំណងផ្សេងទៀត ជាហេតុធ្វើឱ្យបាត់បង់គម្របព្រៃឈើ និងជម្រកសត្វព្រៃ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ធនធានធម្មជាតិរបស់ជាតិ»។
សកម្មភាពបែបនេះ ក្រសួងបរិស្ថានចាត់ទុកថា ជាអំពើល្មើសទៅនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា ៣៧២ ចំណុចទី១ ដែលបានចែងថា៖ «សហគមន៍តំបន់ការពារ និង/ឬសមាជិកនៃសហគមន៍តំបន់ ការពារធម្មជាតិពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុងសហគមន៍តំបន់ការពារ ធម្មជាតិ និងបង្វែរធ្វើជា ដីកសិកម្ម ឬធ្វើជាកម្មសិទ្ធិបុគ្គល ឬលក់ ប្តូរ ជួល បញ្ចាំ ធ្វើអំណោយ ប្រវាស់ បែងចែក ដោះដូរ ឬធ្វើការផ្ទេរ តំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិ ឲ្យបុគ្គលណាមួយបានឡើយ»។
ក្រសួងបរិស្ថាន បានធ្វើការអំពាវនាវដល់គ្រប់សមាជិក និងគណៈកម្មការគ្រប់គ្រង សហគមន៍តំបន់ការពារធម្មជាតិទាំងអស់ សូមចូលរួមអនុវត្តច្បាប់អោយបានខ្ជាប់ខ្ជួន ពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិដទៃទៀតជាធរមាន ទាក់ទងនឹងការគ្រប់គ្រង និងប្រើប្រាស់តំបន់សហគមន៍ តំបន់ការពារធម្មជាតិ ធ្វើយ៉ាងណារក្សាការពារធនធានធម្មជាតិជាតិយើងប្រើប្រាស់ឲ្យមាននិរន្តភាព និងរីកចម្រើនដល់ជីវភាពរស់នៅគ្រប់សមាជិកសហគមន៍។ ដោយឡែក ក្រសួងបរិស្ថាន នឹងចាត់វិធានការចំពោះបុគ្គល និង/ឬសហគមន៍ទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដោយគ្មានការលើកលែងឡើយ។
ក្រសួងបរិស្ថាន បានស្នើដល់ ក្រសួង ស្ថាប័ន មានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរ មូលដ្ឋានជួយធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះឲ្យបានទូលំទូលាយដល់សហគមន៍តំបន់ការពារ និងសាធារណជនបង្កើនការយល់ដឹង និងចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ក្នុងនាមជាប្រជាពលរដ្ឋរស់នៅក្នុង ប្រទេសមាននីតិរដ្ឋល្អប្រសើរ៕

