
ភ្នំពេញ៖ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ឱ្យដឹងថា៖ «ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមិត្តភាព កម្ពុជា-ចិន «នាគមាស-២០២៥» នៅទីតាំងពីរផ្សេងគ្នា»។
អ្នកនាំពាក្យកងយុទ្ធពលខេមរភូមិន្ទ បានបន្ថែមទៀតថា «ទី១៖ សមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ»។
អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាកថា៖ «ចំពោះកម្លាំងទ័ពចូលរួម ភាគីកម្ពុជា មានចំនួន ១,៣៣១ នាក់ និងភាគីចិន ចំនួន ៨៤៥ នាក់។ ដោយឡែក សព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធភាគីកម្ពុជា ប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្ត សង្គ្រោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត។ ចំពោះភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវ៉ាក់ រថយន្តដឹកនាំបញ្ជា C5 គ្រឿងយន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវ មួយចំនួនទៀត»។
សូមបញ្ជាក់ថា សមយុទ្ធមិត្តភាព «នាគមាស-២០២៥» មានទ្រង់ទ្រាយធំជាងមុន មិនមែនជាការបញ្ចេញសាច់ដុំ ឬគំរាមកំហែងទៅលើប្រទេសណាមួយនោះទេ គឺដើម្បីរឹតចំណងមិត្តភាពរវាងកងព័រកម្ពុជា និងកងទ័ររំដោះប្រជាជនចិន ជាពិសេសដកស្រង់នូវបទពិសោធន៍ល្អរវាងកងទ័រនៃប្រទេសទាំងពីរដោយផ្តោតសំខានលើប្រតិបត្តិការប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌៕


