2025-05-07 14:19
26

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងប្រាប់អំពីវិធីការពារខ្លួនពីការឆ្លង «ជំងឺអង់ត្រាក់ ឬហៅថា ពិសធ្យូង» នៅលើមនុស្ស និងនៅលើសត្វហៅថា «ជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ» ដែលបង្កឡើងដោយបាក់តេរីអង់ត្រាក់ (Bacillus Anthracis)។

ក្រសួងសុខាភិបាល បានឱ្យដឹងថា នាពេលថ្មីៗនេះមានការផ្ទុះឡើងនៅប្រទេសជិតខាង និងបណ្តាប្រទេសមួយចំនួននូវជំងឺអង់ត្រាក់ ឬហៅថា ពិសធ្យូង នៅលើមនុស្ស និងនៅលើសត្វហៅថា ជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ បង្កឡើងដោយបាក់តេរីដែលបង្កើតស្ទ័រ (spore-forming bacillus anthracis)។ ជំងឺអង់ត្រាក់ ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជាចម្បងលើសត្វពាហនៈ និងសត្វព្រៃ។ 

ក្រសួងបញ្ជាក់ថា លក្ខណ:ពិសេសនៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោមរូប ភាពជាគ្រាប់ស្ព័រ ក្នុងបរិយាកាសខាងក្រៅ។ ស្ព័ររបស់បាក់តេរីអង់ត្រាក់ ធន់នឹងធាតុអាកាសខាងក្រៅបានអាចសម្ងំ ដល់រាប់ឆ្នាំ ពី (៣០-៤០ឆ្នាំ) នៅក្នុងដី សាកសពសត្វ និងលាមកសត្វ។ សត្វស៊ីស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួនបន្ទាប់មកគ្រាប់ស្ព័រក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។ ជំងឺអង់ត្រាក់មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។ រហូតមកដល់បច្ចុប្បន្ននេះមិនទាន់មានការរកឃើញជំងឺនេះ នៅព្រះរាជាណាចក្រកម្ពុជានៅឡើយ។ ក្រសួងសុខាភិបាល បន្តពង្រឹងវិធានការសុខាភិបាល តាមច្រកព្រំដែន និងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និងជំងឺឆ្លងផ្សេងទៀតពីក្រៅប្រទេស។

ចំពោះវិធានការណ៍បង្កាការឆ្លង ក្រសួងណែនាំដល់ប្រជាពលរដ្ឋ ដូចតទៅ គឺ៖ «ត្រូវចៀសវាងប៉ះពាល់ដោយផ្ទាល់ជាមួយសត្វដែលសង្ស័យថាមានជំងឺអង់ត្រាក់, ហាមបរិភោគសត្វដែលងាប់ដោយសារជំងឺអង់ត្រាក់ សាកសពសត្វដែលងាប់ត្រូវយកទៅកប់ ឬដុតកំទេចចោល, មិនត្រូវវះពិនិត្យសាកសពដែលងាប់ដោយសារជំងឺនេះទេ និងត្រូវប្រញាប់បញ្ជូនអ្នកជំងឺសង្ស័យទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាលឱ្យទាន់ពេលវេលា ឬទំនាក់ ទំនងមកលេខ ១១៥»៕