2025-05-07 10:51
22

ភ្នំពេញ៖ គម្រោងវិនិយោគ ចំនួន ៥៩ គម្រោងដែលមានទុនវិនិយោគ សរុបប្រមាណ ៨៦០ លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមេសា ឆ្នាំ២០២៥ ដែលបង្កើតការងារប្រមាណាជិត៤ពាន់កន្លែងជូនប្រជាពលរដ្ឋកម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា៖ ក្នុងខែមេសា ឆ្នាំ២០២៥ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៥៩ គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ ៨៦០ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។ 

CDC បានបញ្ជាក់ថា៖ «ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣២ គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន ២៧ គម្រោង។ ជារួមការអនុម័តគម្រោងវិនិយោគមានការកើនឡើង ចំនួន ៣៧ គម្រោង ស្មើនឹងប្រមាណ ១៦៨% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ជាង ៥៥០ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ដោយឡែក នៅក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  បានអនុម័តគម្រោងវិនិយោគចំនួន ២៣១ គម្រោង ក្នុងទុនវិនិយោគមានប្រមាណ ៣,៤ ពាន់លានដុល្លារអាម៉េរិក»។ 

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់បន្ថែមថា៖ «បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ចំនួនគម្រោងបានកើន ឡើងចំនួន ១០៣ គម្រោង ស្មើនឹងប្រមាណ ៨០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ៨៥៦ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣៤%»៕