
យោងតាមអាជ្ញាធរសុខាភិបាលបានឱ្យដឹងថា មានករណីឆ្លងមេរោគ អង់ត្រាក់ (Anthrax) ឬហៅថាឈាមខ្មៅ ឬពិសធ្យូង ចំនួន៣ ករណីទៀតនៅក្នុងខេត្តភាគឦសានជាប់ព្រំដែនប្រទេសឡាវ។
ម្នាក់ក្នុងចំណោមពួកគេបានស្លាប់ ខណៈដែលមនុស្សចំនួន ៩៨ នាក់ផ្សេងទៀត នៅតែស្ថិតក្រោមការឃ្លាំមើលសម្រាប់ជំងឺនេះ។ នេះបើតាមការចេញផ្សាយពីគេហទំព័រ Bankgkok Post នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នេះ។
តាមការលើកឡើងពីរដ្ឋមន្ត្រីសុខាភិបាលសាធារណៈលោក Somsak Thepsutin កាលពីថ្ងៃចន្ទម្សិលមិញថា អ្នកស្លាប់គឺស្ថិតក្នុងចំណោមករណីដែលត្រូវបានបញ្ជាក់ពីចំនួនអ្នកកំពុងឆ្លងជំងឺនេះចំនួនបីនាក់នៅក្នុងស្រុក Don Tan នៃខេត្ត Mukdahan ។
ដោយអ្នកជំងឺ២នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ចំពោះការស្លាប់នេះជាករណីលើកដំបូងបង្អស់ក្នុងប្រទេសថៃក្នុងរយៈពេលបីទសវត្សរ៍មកហើយ។
ដោយអ្នកស្លាប់ខាងលើ បានធ្លាក់ខ្លួនឈឺតាំងពីថ្ងៃទី ២៧ ខែមេសា មកម្ល៉េះ និងបានស្លាប់នៅថ្ងៃទី ៣០ ខែមេសា។
ហើយពាក់ព័ន្ធនឹងករណីជំងឺខាងលើនេះ អាជ្ញាធរសុខាភិបាលមូលដ្ឋានបានធ្វើការសន្មត់ថាជំងឺនេះបណ្ដាលមកពីក្រុមមនុស្សដែលបានបរិភោគសាច់គោ និងបានចែកសាច់គោដល់អ្នកដែលចូលរួមក្នុងសកម្មភាពបុណ្យសាសនា។
សរុបមកពេលនេះ មនុស្សចំនួន ៦៣៦នាក់នៅក្នុងស្រុក Don Tan ដែលមានព្រំប្រទល់ជាប់ប្រទេសឡាវ ត្រូវបានគេជឿថាបានឆ្លងជំងឺនេះហើយ។
ដោយក្នុងនោះរដ្ឋមន្ត្រីបាននិយាយថា ក្នុងចំណោមអ្នកឆ្លងជំងឺ អង់ត្រាក់ នេះ មនុស្សចំនួន 538 នាក់បានឆ្លងផុតរយៈពេលតាមដានរបស់ពួកគេ ហើយ ៩៨ នាក់ទៀត នៅតែត្រូវបានតាមដានពីស្ថានភាពសុខភាពរបស់ពួកគេដដែល។ ពេលនេះមនុស្សទាំង ៦៣៦ នាក់បានទទួលថ្នាំ doxycycline ដែលជាអង់ទីប៊ីយ៉ូទិកសម្រាប់ព្យាបាលមេរោគនេះរយៈពេលប្រាំពីរថ្ងៃជាប់គ្នាផងដែរ។
យោងតាមលោកវេជ្ជបណ្ឌិត Narong Chankaew ប្រធានសុខាភិបាលសាធារណៈនៃខេត្តមុកដាហានបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សចំនួន ៩៨ នាក់ដែលមានហានិភ័យនឹងបញ្ចប់ការឃ្លាំមើលរយៈពេល ៧ ថ្ងៃរបស់ពួកគេនៅថ្ងៃពុធ។
ហើយអ្នកដែលត្រូវបានតាមដានរយៈពេលប្រាំពីរថ្ងៃអាចឆ្លងជំងឺនេះតាមរយៈស្បែក ឬប្រព័ន្ធរំលាយអាហាររបស់ពួកគេ។
ប្រធានសុខាភិបាលខាងលើក៏បានបន្ថែមថា ពេលនេះមិនមានករណីថ្មីនៃជំងឺអង់ត្រាក់ក្នុងខេត្តភាគឦសាននោះទេ ដែលនេះអាចជាសញ្ញាវិជ្ជមាន។
បើតាមលោកវេជ្ជបណ្ឌិត ណារ៉ុង បានបន្តទៀតថា ករណីដែលបានបញ្ជាក់ទាំងបីខាងលើគឺស្ថិតនៅក្នុងក្រុមមនុស្សដែលបានកាប់គោនៅស្រុក Don Tan កាលពីថ្ងៃទី ១២ ខែមេសា មកម្ល៉េះដែលជាថ្ងៃចូលឆ្នាំប្រពៃណីរបស់ថៃ។
បន្ទាប់ពីនោះក្រុមមន្ត្រីក៏បានរកឃើញស្ព័រអង់ត្រាក់លើកាំបិត និងបន្ទះកាត់របស់បុរសដែលស្លាប់បានស្លាប់ដោយសារជំងឺឆ្លងខាងលើនោះដែរ។
លើសពីនេះ ក្រុមមន្ត្រីក៏បានរកឃើញស្ព័រអង់ត្រាក់នៅទីតាំងដែលមនុស្សមួយក្រុមទៀតមកពីស្រុកដុនតាន់ កាប់គោកាលពីថ្ងៃទី ២៨ ខែមេសា ផងដែរ ប៉ុន្តែមិនទាន់មានករណីឆ្លងណាមួយដែលត្រូវបានបញ្ជាក់ ពីការកើតឡើងនៅក្នុងក្រុមទីពីរនោះនៅឡើយទេ៕
