2025-06-10 11:45
25

KYIV, (Reuters)៖ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយនៅព្រឹកថ្ងៃទី 10 ខែមិថុនា នេះថាប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក រយៈពេលវែងមួយទៀតលើអ៊ុយក្រែន ដោយបានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងធ្វើឱ្យខូចខាតដល់កន្លែងសំរាលកូននៅកំពង់ផែ Odesa ភាគខាងត្បូង។

យោងតាមការចេញផ្សាយដោយ រ៉យទ័រ នាថ្ងៃទី១០ មិថុនា នេះបានឲ្យដឹងថា ការវាយប្រហារពេញមួយយប់ ដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតរបស់រុស្ស៊ីមកលើអ៊ុយក្រែនកាលពីថ្ងៃចន្ទ ជាវិធានការសងសឹកចំពោះការវាយប្រហារដ៏សាហាវនាពេលថ្មីៗនេះរបស់ទីក្រុង Kyiv ក្នុងប្រទេសរុស្ស៊ី។ 

យោងតាមមន្ត្រីទីក្រុងបាននិយាយថា ក្នុងការវាយប្រហារនេះ យ៉ាងហោចណាស់មនុស្ស 4 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងសង្កាត់ចំនួន 7 ក្នុងចំណោមសង្កាត់ទាំង 10 របស់ទីក្រុត្រូវបានរងការវាយប្រហារផងដែរ។ 

មន្ត្រីទីក្រុងខាងលើបន្តថា ការវាយប្រហារនេះបានបង្កឱ្យមានអគ្គីភ័យនៅក្នុងសង្កាត់លំនៅដ្ឋាន និងមិនមែនលំនៅដ្ឋាន និងតំបន់បើកចំហ។

គួរឲ្យដឹងថា បើទោះបីជាមានសម្ពាធពីប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump លើភាគីទាំងពីរដើម្បីឈានទៅរកដំណោះស្រាយលើសង្គ្រាមយ៉ាងណាក៏ដោយ ក៏អ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តបើកការវាយប្រហារដាក់គ្នាទៅវិញទៅមក ដោយទីក្រុងមូស្គូបានបង្កើនល្បឿននៃការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែនយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហាររបស់ទីក្រុង Kyiv លើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនៅឯមូលដ្ឋានទ័ពអាកាសក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃទី ១ ខែមិថុនា កន្លងទៅ៕