
យោងតាម AFP បានរាយការណ៍ថា សោកនាដកម្មនៃឧបទ្ទវហេតុមួយបានកើតឡើងនៅភាគខាងជើងប្រទេសម៉ាឡេស៊ីដោយបណ្តាលឲ្យមនុស្សយ៉ាងតិច ១៥ នាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងដឹកនិស្សិតសាកលវិទ្យាល័យមួយបានបុកជាមួយរថយន្ត minivan កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ។
យោងតាមប៉ូលិស និងក្រុមអ្នកសង្គ្រោះបន្ទាន់បាននិយាយថា ការបុកគ្នានេះបានកើតឡើងនៅជិតទីក្រុង Gerik នៅលើផ្លូវហាយវេ East-West ដែលជាផ្លូវគ្រោះថ្នាក់ដែលគេស្គាល់ថាងាយនឹងគ្រោះថ្នាក់នៅជិតព្រំដែនថៃ។
ក្នុងឧបទ្ទវហេតុខាងលើ យ៉ាងហោចណាស់មនុស្ស ១៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈ២នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ ។
ចំណែកមនុស្ស ៣៣ នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានរងរបួស ក្នុងនោះ ៧ នាក់របួសធ្ងន់ ដោយជនរងគ្រោះមានអាយុចាប់ពី ២១ ដល់ ២៣ ឆ្នាំ។
យោងតាម លោក Hisam Nordin មេប៉ូលីសរដ្ឋ Perak បាននិយាយថា ការកើតនូវឧបទ្ទវហេតុខាងលើ បណ្ដាលមកពីឡានក្រុងបានបាត់បង់ការគ្រប់គ្រង ហើយក៏បានបុកនឹងរថយន្ត minivan ពីខាងក្រោយយ៉ាងពេញទំហឹង ដែលធ្វើឲ្យរថយន្តក្រុងក្រឡាប់ផ្ងារជើង ចំពីក្រោយយ៉ាងពេញទំហឹង ខណៈពេលដែលរថយន្ត Minivan ពណ៌ក្រហមបានបើកចូលទៅក្នុងប្រឡាយតាមដងផ្លូវ ដោយបានធ្វើឲ្យបង្អួចនៃឡាននេះបានបែកកញ្ចក់ខ្ទេចខ្ទីអស់។
ក្រោយកើតហេតុ អាជ្ញាធរម៉ាឡេស៊ីបាននិយាយបញ្ជាក់ថា នេះជាគ្រោះថ្នាក់ចរាចរណ៍ដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រទេសរបស់ខ្លួន ក្នុងរយៈពេលជាងមួយទសវត្សរ៍មកហើយ៕
