
បាងកក៖ សមាគមអ្នកផលិតដែកថែប EAF Long Products Association បាននិយាយថា ពន្ធរបស់ប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានគេរំពឹងថានឹងដោះស្រាយផលប៉ះពាល់ដល់ទីផ្សារដែកថែប ដែលទំនងជាមានការថយចុះនៃការប្រើប្រាស់ដែក។
រីឯប្រធានសមាគមលោក Chaichalerm Bunyanuwat បាននិយាយថា ពន្ធទៅវិញទៅមក ដែលទំនងជានឹងត្រូវដាក់លើទំនិញពីប្រទេសជាច្រើន ត្រូវបានគេព្យាករណ៍ថានឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចដែលនឹងនាំឱ្យមានការថយចុះនៃតម្រូវការដែកថែប និងការប្រែប្រួលតម្លៃ។ លោកបានបន្ថែមថា សមាគមនេះគ្រោងនឹងតាមដានសេដ្ឋកិច្ចពិភពលោកបន្ទាប់ពីការផ្អាករបស់ទីក្រុងវ៉ាស៊ីនតោន លើការអនុវត្តពន្ធផុតនឹងមានការកំណត់នៅចុងឆ្នាំនេះ។ ប្រធានសមាគមរូបនេះបានបន្តទៀតថា "លោកមានការព្រួយបារម្ភអំពីហានិភ័យ និងភាពមិនប្រាកដប្រជានៃគោលនយោបាយពន្ធដារក៏ដូចជាសង្រ្គាមពាណិជ្ជកម្មដែលកាន់តែខ្លាំងឡើង។ ដោយកាលៈទេសៈទាំងនេះនឹងប៉ះពាល់ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ និងការប្រើប្រាស់ដែកក្នុងប្រទេសក៏ដូចជាទីផ្សារពិភពលោកផងដែរ" ។
គួរបញ្ជាក់ថា កាលពីដើមខែមុន លោក Trump ធ្លាប់បានធ្វើការប្រកាសពន្ធធ្ងន់លើទំនិញនាំចូលមកអាមេរិកដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្ម។ ហើយវិធានការនេះនឹងចូលជាធរមាននៅថ្ងៃទី៩ ខែមេសា។ ប៉ុន្តែក្រោយមកលោក ត្រាំ ក៏បានពន្យារពេលពន្ធគយរយៈពេល 90 ថ្ងៃវិញ ដោយអនុញ្ញាតឱ្យប្រទេសនានាចរចាលើពន្ធពាណិជ្ជកម្មនេះ។
យោងតាមគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារថៃ (MPC) បានបង្កើតធ្វើការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចថៃថា ប្រសិនបើភាពតានតឹងពាណិជ្ជកម្មកើនឡើងដែលនាំឱ្យតម្លៃពន្ធរបស់អាមេរិកកាន់តែខ្ពស់ នោះកំណើនអាចថយចុះមកនៅត្រឹមប្រហែល 1.3%។ ហើយសេដ្ឋកិច្ចដែលមានការធ្លាក់ចុះនឹងរារាំងដល់ឧស្សាហកម្មដែករបស់ថៃ ដែលកំពុងជួបបញ្ហាក្នុងការដោះស្រាយការនាំចូលពីប្រទេសចិនផងដែរ។
យោងតាមការចេញផ្សាយពីគេហទំព័រ Bangkok Post នាថ្ងៃទី០៦ ខែឧសភា នេះ បានបង្ហាញថា ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ការនាំចេញដែកថែបរបស់ចិនទៅកាន់អាស៊ីអាគ្នេយ៍បានកើនឡើង 5.2% បើធៀបនឹងឆ្នាំមុនឡើងដល់ 16.9 លានតោន។ម្យ៉ាងទៀត កាលពីឆ្នាំមុន នៅក្នុងប្រទេសថៃ ការប្រើប្រាស់ដែកថែបបានកើនឡើងដល់ 16 លានតោន ដោយដែកដែកគោលមានចំនួន 12 លានតោន និងទម្រង់ដែកផ្សេងទៀតដែលនៅសល់។ ក្នុងនោះ 60% នៃដែកថែបត្រូវបានលក់ក្នុងស្រុកត្រូវបានប្រើប្រាស់ក្នុងវិស័យសំណង់ បន្ទាប់មក 30% នៅក្នុងវិស័យរថយន្ត និង 10% នៅក្នុងវិស័យផ្សេងទៀតជាដើម៕

