
ក្រុងគែរ៖ ហាម៉ាស់បានប្រហារជីវិតអ្នកលួចប្លន់ជាច្រើននាក់បន្ទាប់ពីកើតមានឧប្បត្តិហេតុជាច្រើនដែលក្រុមក្មេងទំនើងប្រដាប់អាវុធ បានវាយប្រហារហាងលក់អាហារនិងផ្ទះបាយសហគមន៍ក្នុងតំបន់ហ្គាហ្សាស្ទ្រីបក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ រ៉យទ័រ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នេះ។
មន្ត្រីក្រុមហាម៉ាស់បានចោទប្រកាន់អ្នកលួចមួយចំនួនថា បានធ្វើការដោយសហការជាមួយអ៊ីស្រាអែល ដែលបានបិទជំនួយមិនឱ្យចូលទៅក្នុងតំបន់ហ្គាហ្សាអស់រយៈពេលពីរខែកន្លងមកនេះ។
ជុំវិញហេតុការណ៍នេះ អ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះនោះទេ។
យោងតាមក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា មន្ត្រីប៉ូលីសម្នាក់ត្រូវបានសម្លាប់ និងផ្សេងទៀតបានរងរបួស នៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានបាញ់កាំជ្រួច ទៅកាន់អង្គភាពប៉ូលីសដែលដេញតាមឧក្រិដ្ឋជនក្នុងទីក្រុង Gaza ។
រីឯនាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុម Hamas នៃតំបន់ Gaza បាននិយាយថា ក្រុមអ្នកលួចមួយចំនួនដែលបានធ្វើសកម្មភាពវាយប្រហារដូចខាងលើគឺទទួលបានការគាំទ្រដោយផ្ទាល់ពីអ៊ីស្រាអែល។
ពេលនេះ អ៊ីស្រាអែលបានការពារការបិទផ្លូវរបស់ខ្លួនប្រឆាំងនឹងជំនួយដែលចូលទៅកាន់តំបន់ហ្គាហ្សា ដោយចោទប្រកាន់ថាក្រុមហាម៉ាសបានលួចការផ្គត់ផ្គង់ដែលមានបំណងសម្រាប់ប្រជាជនស៊ីវិល។
ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាកាន់តែអាក្រក់ទៅៗ នៅពេលដែលការបិទផ្លូវនៅតែបន្ត ដែលបានបង្កជាបញ្ហាប្រឈមដល់ក្រុមហាម៉ាស់ក្នុងការប្រឈមមុខនឹងការតវ៉ាមិនទៀងទាត់ ដោយប្រជាជននៅតំបន់ហ្គាហ្សាខឹងសម្បារយ៉ាងខ្លាំងព្រោះតែការកង្វះស្បៀងអាហារឈានដល់តំបន់នោះ៕
