2025-05-06 10:41
6

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ នៃការផ្ដល់សេវារដ្ឋបាលតាមយន្ដការច្រកចេញចូលតែមួយនិងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមយន្ដការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ 

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវតំណាងក្រសួងស្ថាប័ន ឯកឧត្តមអគ្គនាយ នៃអគ្គនាយដ្ឋាន ចំណុះក្រសួងមហាផ្ទៃ ឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្ដម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រីនាយករដ្ឋបាល ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត លោក លោកស្រីក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យច្រកចេញ ចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ តំណាងអង្គការដៃគូ ព្រមទាំងសមាជិក សមាជិកា សរុបប្រមាណ ៥៥០រូប។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ទាំងក្រសួងស្ថាប័នជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលតែងតែបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរនៃការកំណែទម្រង់ថ្នាក់ក្រោមជាតិ ឬក៏ហៅថា កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍នានាដែលតែងតែគាំទ្រ នឹងការចូលរួមជាមួយក្រសួងស្ថាប័ន រាជរដ្ឋាភិបាល ក៍ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគាំទ្រដល់ដំណើរការកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សិក្ខាសាលានៅពេលនេះមានគោលបំណងសំខាន់ចំនួន៣៖
១. បង្ហាញអំពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៤ នៃយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ 

២. ការចែករំលែកនូវបទពិសោធល្អៗពាក់ព័ន្ធនឹងការអនុវត្តការងារផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋជុំវិញការផ្តល់សេវារដ្ឋបាល ដោយការិយាល័យប្រជាពលរដ្ឋ។

៣. ជាវេទិកាសម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិបានជួបពិភាក្សាពិគ្រោះយោបល់អំពីបញ្ហាប្រឈម ឬលើកឡើងនូវសំណើសំណូមពរនានា។

ឯកឧត្តម ចាន់ សុធា បានបន្ថែមថា លទ្ធផលនៃការពិភាក្សានៃការចែករំលែកមេរៀនបទពិសោធន៍ឆ្លុះបញ្ចាំងក្នុងថ្ងៃនេះ គឺជាធាតុចូលយ៉ាងសំខាន់សម្រាប់ក្រសួងមហាផ្ទៃនិងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងក្របខណ្ឌគ.ជ.អ.ប. ដើម្បីប្រើប្រាស់ជាមូលដ្ឋានដើម្បីផ្ដល់ការពង្រឹងការកែលំអរការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ក៏ដូចជាវិធានការថ្មីៗបន្ថែមទៀតដើម្បីធានាបានប្រសិទ្ធភាព និងសក្ដិសិទ្ធិភាពនៃការផ្ដល់សេវាសាធារណៈ៕