2025-05-06 13:09
55

ព្រះវិហារ៖ ស្ថានភាពនៅច្រកទ្វារព្រំដែនអានសេះ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃបើកច្រក បានដំណើរការឡើងវិញជាប្រក្រតី បន្ទាប់ពីបានបិទដោយឯកតោភាគីពីសំណាក់ភាគីថៃ កាលពីកន្លងទៅថ្មីៗនេះ ដោយមានប្រជាពលរដ្ឋជាច្រើនបានធ្វើចរាចរណ៍ឆ្លងកាត់ និងបន្ដផ្លាស់ប្ដូរទំនិញ ក៏ដូចជាកសិផលផងដែរ។

ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារ  ធ្លាប់បានបញ្ជាក់ថា៖ «ការបិទច្រកទ្វារ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ភាគីថៃបានបិទច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឯកតោភាគីពីសំណាក់កងកម្លាំងសុរៈណារីថៃ ប្រចាំការនៅច្រកទ្វារព្រំដែនអានម៉ា (ភាគីថៃ)»។
 
ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន បានបញ្ជាក់ថា៖ «ច្រកទ្វារព្រំដែនអានសេះ បើកដំណើរការដោះដូរទំនិញ រយះពេល២ថ្ងៃក្នុង១សប្តាហ៍ គឺថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ដោយមានការផ្លាស់ប្តូរទំនិញគ្នាបន្តិចបន្តួចប៉ុណ្ណោះ ក្នុងនោះ ប្រជាពលរដ្ឋកម្ពុជានាំយកកសិផល និងអនុផលព្រៃឈើតាមរដូវកាលទៅលក់ឲ្យភាគីថៃ (ចុងផ្តៅ ផ្សិត ផ្លែស្វាយ ល្ពៅ ល) និងភាគីថៃ មានលក់ទឹកសុទ្ធ ដួង មាន់ និងអីវ៉ាន់ចាបហួយមួយចំនួន»។

ចំពោះការបិទច្រកនេះ គឺមិនមានភាគីណាមួយចំណេញនោះទេ គឺមិនមានភាគីណាមួយចំណេញនោះទេ ប៉ុន្តែផ្ទុយទៅវិញធ្វើឲ្យអាជីវករ ទាំងសងខាងកម្ពុជា-ថៃ មានការខាតបង់ផលប្រយោជន៍ ដែលតាមការពិនិត្យជាក់ស្តែងឃើញថា អាជីវករថៃ មានការខាតបង់ច្រើនជាង។

សូមជម្រាបថា បន្ទាប់ភាគីថៃ បានបិទច្រកទ្វារព្រំដែនអានសេះ ជាឯកតោភាគីមួយថ្ងៃធ្វើឱ្យក្រុមអាជីវករផ្ទុះការតវាជាមួយកម្លាំងសុរៈណារីថៃយ៉ាងខ្លាំង លុះនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ច្រកទ្វារព្រំដែនអានសេះ មានស្ថានភាពប្រក្រតីធម្មតា នឹងបើកដំណើរការដោះដូរទំនិញតាមគោលការណ៍ដែលបានឯកភាពគ្នាកន្លងមកដូចសព្វដង គឺរយះពេល ២ថ្ងៃក្នុង ១សប្តាហ៍ (អង្គារ និងព្រហស្បតិ៍)។ 

ពាក់ព័ន្ធករណីបិទច្រកទ្វារព្រដែនពីភាគីថៃនេះ រដ្ឋបាលខេត្តព្រះវិហារ ស្រុក និងច្រកទ្វារព្រំដែនអានសេះ បានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចភាគីថៃ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការឲ្យ កាន់តែល្អប្រសើរថែមទៀត។

អាជ្ញាធរខេត្តព្រះវិហារ បានបញ្ជាក់នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃបើកច្រក បានដំណើរការឡើងវិញជាប្រក្រតី ដោយមានប្រជាពលរដ្ឋ ធ្វើចរាចរណ៍ ឆ្លងកាត់ ចេញចូល និងបន្ដផ្លាស់ប្ដូរទំនិញ ក៏ដូចជាកសិផលជាធម្មតា៕