2025-05-05 10:54
39

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងវាយលុកភាពយន្តដែលផលិតនៅបរទេសជាមួយនឹងពន្ធ 100% ខណៈពេលនេះដែលលោកកំពុងបង្កើនជម្លោះពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗជុំវិញពិភពលោក។ ​ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ  BBC News នាថ្ងៃចន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥​ នេះ។

ក្នុងនោះ លោក Trump បាននិយាយថា គាត់កំពុងផ្តល់សិទ្ធិឱ្យតំណាងពាណិជ្ជកម្មអាមេរិកចាប់ផ្តើមដំណើរការដើម្បីដាក់ពន្ធព្រោះឧស្សាហកម្មភាពយន្តរបស់អាមេរិកកំពុងធ្លាក់ចុះ។ 

បន្ថែមពីនេះ គាត់ក៏បានស្តីបន្ទោសចំពោះ "កិច្ចខិតខំប្រឹងប្រែងរួមគ្នា" ដោយប្រទេសផ្សេងទៀតដែលផ្តល់ការលើកទឹកចិត្តដើម្បីទាក់ទាញអ្នកផលិតភាពយន្តនិងស្ទូឌីយោដែលគាត់បានពិពណ៌នាថាជា "ការគំរាមកំហែងសន្តិសុខជាតិ" ផងដែរ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវឧស្សាហកម្មភាពយន្ត ProdPro បានឱ្យដឹងថា សហរដ្ឋអាមេរិកនៅតែជាមជ្ឈមណ្ឌលផលិតភាពយន្ដដ៏សំខាន់នៅទូទាំងពិភពលោកបើទោះបីជាកំពុងមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ។

ផ្អែកលើរបាយការណ៍ប្រចាំឆ្នាំចុងក្រោយបំផុតរបស់អាមេរិកបានបង្ហាញថា ប្រទេសនេះបានចំណាយថវិកាលើផលិតកម្មចំនួន ១៤,៥៤ ពាន់លានដុល្លារ កាលពីឆ្នាំមុន។

ដោយបានធ្លាក់ចុះ 26% ចាប់តាំងពីឆ្នាំ 2022 មកម្ល៉េះ។ 

សូម្បីតែមុនពេលការប្រកាសនាពេលថ្មីៗនេះក៏បានបង្ហាញដែរថា ឧស្សាហកម្មភាពយន្តរបស់សហរដ្ឋអាមេរិកត្រូវបានរងផលប៉ះពាល់ដោយការដួលរលំពីគោលនយោបាយពាណិជ្ជកម្មរបស់លោក Trump ។

គួរឲ្យដឹងថា ចាប់តាំងពីការវិលត្រឡប់មកកាន់សេតវិមានវិញក្នុងខែមករា លោក Trump បានដាក់ពន្ធលើប្រទេសផ្សេងៗជុំវិញពិភពលោក។ 

ដោយលោកបានអះអាងថា ពន្ធនឹងជំរុញក្រុមហ៊ុនផលិតរបស់អាមេរិក និងការពារការងារ ប៉ុន្តែពេលនេះពន្ធរបស់ ត្រាំ កំពុងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកត្រូវបានធ្លាក់ចូលទៅក្នុងភាពវឹកវរ ហើយតម្លៃទំនិញជុំវិញពិភពលោកត្រូវបានគេរំពឹងថានឹងមានការកើនឡើង។

បន្ថែមពីនេះ កាលពីខែមេសា កន្លងទៅ ប្រទេសចិនបាននិយាយថា ខ្លួនកំពុងកាត់បន្ថយបរិមាណកំណត់នៃខ្សែភាពយន្តអាមេរិក ដែលត្រូវបានអនុញ្ញាតឱ្យចូលប្រទេសរបស់ខ្លួន។ 

ដោយរដ្ឋបាលភាពយន្តចិនបាននិយាយថា "សកម្មភាពខុសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបំពានពន្ធលើប្រទេសចិន នឹងកាត់បន្ថយភាពអនុគ្រោះរបស់ទស្សនិកជនក្នុងស្រុកចំពោះខ្សែភាពយន្តអាមេរិកដោយជៀសមិនរួច" ។

ដែលមានន័យថា ចិននឹងអនុវត្តតាមច្បាប់ទីផ្សារ និងកាត់បន្ថយចំនួនភាពយន្តអាមេរិកដែលបាននាំចូលមកចិនក្នុងកម្រិតមធ្យមវិញ៕