
លោកប្រធានាធិបតី Donald Trump បានដកសហរដ្ឋអាមេរិកចេញពីការចរចាសន្តិភាពជាផ្លូវការរវាងអ៊ុយក្រែន និងរុស្ស៊ី។
យោងតាមក្រសួងការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកនឹងលែងបណ្ដោយខ្លួនទៅនឹងការទូតតាមយន្តហោះ ដើម្បីនាំសង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៊ីដល់ទីបញ្ចប់ទៀតហើយ។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ Firstpost កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការបរទេសម្នាក់បាននិយាយថា អ៊ុយក្រែននិងរុស្ស៊ីឥឡូវត្រូវតែបង្ហាញសំណើ "ជាក់ស្តែង" ដើម្បីបញ្ចប់សង្រ្គាម ហើយគួរតែជួបគ្នាដោយផ្ទាល់ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព។
អ្នកនាំពាក្យរូបនេះបាននិយាយបន្ថែមទៀតថា "អាមេរិកនឹងបន្តជួយ ប៉ុន្តែនឹងលែងហោះហើរជុំវិញពិភពលោកក្នុងនាមជាអ្នកសម្របសម្រួលក្នុងកិច្ចប្រជុំទៀតហើយ។
ដោយពេលនេះគឺអាស្រ័យលើភាគីទាំងពីរក្នុងការបង្កើតគំនិតជាក់ស្តែងអំពីរបៀបនៃការបញ្ចប់ជម្លោះនេះ។
ពេលនេះនៅមិនទាន់ច្បាស់ទេថា តើការដកអាមេរិកចេញពីកិច្ចចរចាសន្តិភាពនឹងមានការបញ្ឈប់ការស៊ើបការណ៍សម្ងាត់ និងជំនួយយោធាដល់អ៊ុយក្រែនដែរឬទេ។
យោងតាមរដ្ឋមន្ត្រីការបរទេសលោក Marco Rubio បាននិយាយថា Trump នឹងបញ្ចប់នៅសប្តាហ៍នេះថាតើត្រូវបន្តធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ឬបោះបង់កិច្ចខិតខំប្រឹងប្រែង ហើយបន្តទៅអាទិភាពគោលនយោបាយការបរទេសផ្សេងទៀត។
គួរបញ្ជាក់ឲ្យដឹងថា លោក ត្រាំ ធ្លាប់បានអួតខ្លួនឯងនៅពេលធ្វើយទ្ធនាការបោះឆ្នោតថា លោកនឹងបញ្ចប់សង្គ្រាមក្នុងរយៈពេល ២៤ ម៉ោង នៅពេលដែលលោកបានចូលកាន់តណែងវិញ។
ប៉ុន្តែពេលនេះ លោក Trump ហាក់ចង់ដើរចេញពីកិច្ចខិតខំប្រឹងប្រែងសន្តិភាព បន្ទាប់ពីមានកិច្ចព្រមព្រៀងរ៉ែជាមួយអ៊ុយក្រែន។
គួរឲ្យដឹងថា ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ីជាផ្លូវការកើតឡើងមួយថ្ងៃបន្ទាប់ពីអ៊ុយក្រែន និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ។
ដោយអ៊ុយក្រែនបានសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងចងផលប្រយោជន៍របស់រដ្ឋបាល Trump ទៅនឹងអ៊ុយក្រែន ហើយនឹងនាំឱ្យមានលទ្ធផលជាប្រយោជន៍។
ក្នុងនោះ រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent ក៏ធ្លាប់បាននិយាយដែរថា កិច្ចព្រមព្រៀងបានផ្តល់សញ្ញាដល់ប្រទេសរុស្ស៊ីថា រដ្ឋបាល Trump គឺ "ប្តេជ្ញាចិត្តចំពោះដំណើរការសន្តិភាពដែលផ្តោតលើអ៊ុយក្រែនដោយសេរី អធិបតេយ្យភាព និងវិបុលភាពក្នុងរយៈពេលវែង"៕
