2025-05-05 09:47
10

ការចង់បោះបង់ការចរចាសន្តិភាពរបស់អាមេរិក បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានច្រានចោលសំណើសន្តិភាពពីលោក Trump ដែលនឹងផ្តល់ជ័យជំនះដល់រុស្ស៊ីទៅលើការវាយប្រហារលើទឹកដីអ៊ុយក្រែន។ 

ទោះបីជាសំណើនេះបានបំពេញការទាមទារដ៏ធំបំផុតមួយចំនួនរបស់រុស្ស៊ីយ៉ាងណាក៏ដោយ ក៏រុស្ស៊ីបានច្រានចោលសំណើនេះដែរដោយរុស្ស៊ីចង់កំណត់ឡើងវិញនូវការទាមទារបន្ថែមពីអ៊ុយក្រែនជាអតិបរមា។

គួរឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ លោក Trump មានការខកចិត្តម្តងទៀតជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងមេដឹកនាំរុស្ស៊ីលោក Vladmir Putin ចំពោះការមិនទទួលយកសំណើសន្តិភាពរបស់គាត់។ 

ហើយរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានដាក់សំណើបទឈប់បាញ់ចំនួនបីលើករួចហើយ។ ខណៈពេលដែរសំណើរទាំងបីនេះ អ៊ុយក្រែនទទួលយកទាំងអស់ ផ្ទុយទៅវិញរុស្ស៊ីបែរជាបានច្រានចោលទាំងអស់ចំពោះសំណើរទាំងបីនេះ ប៉ុន្តែលោក Trump បែរជានៅតែបន្តចោទទៅលើ Zelenskyy ទៅវិញ ហើយថែមទាំងបានផ្អាកមួយរយៈខ្លីនូវជំនួយផ្នែកយោធាដល់អ៊ុយក្រែនថែមទៀតផង ប៉ុន្តែមិនបានធ្វើអ្វីទាល់តែសោះទៅលើប្រទេសរុស្ស៊ី។ 

ផ្ទុយទៅវិញ លោក Trump បែរជាកំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរុស្ស៊ី។ 

គួរបញ្ជាក់ឲ្យដឹងថា នៅពេលដែលរុស្ស៊ីបានធ្វើការវាយប្រហារទៅលើទីក្រុងគៀវ ដែលបណ្ដាលឲ្យមនុស្សជាច្រើនបានស្លាប់នៅក្នុងការវាយប្រហារនោះ លោក ត្រាំ ធ្លាប់បាននិយាយថា លោកនឹងធ្វើការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដែលបានធ្វើការវាយប្រហារបំពានទៅលើអ៊ុយក្រែនបែបនេះ តែរហូតមកដល់ពេលនេះ យើងនៅមិនទាន់ឃើញទណ្ឌកម្មណាមួយដែលលោក ត្រាំ បានដាក់មកលើរុស្ស៊ីនោះទេ ពោលគឺលោក ត្រាំ គ្រាន់តែធ្វើការស្ដីបន្ទោសនិងគម្រាមទៅដល់រុស្ស៊ីប៉ុណ្ណោះ។
 
ម្យ៉ាងទៀត យើងក៏នៅមិនទាន់ដឹងច្បាស់ដែរថា បន្ទាប់ពីអាមេរិកចេញពីកិច្ចចរចាសន្តិភាពរវាង អ៊ុយក្រែន-រុស្ស៊ី តើអាមេរិកនឹងមានការបញ្ឈប់ការស៊ើបការណ៍សម្ងាត់ និងការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនទៀតដែរឬយ៉ាងណានោះទេ៕