
ព្រះសីហនុ៖ នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ០១ គ្រឿង មានឈ្មោះ USS SAVANNAH (LCS 28) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ នេះ ដោយមាននាវិកសរុបចំនួន ១០៣ រូប ក្នុងគោលពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព លើកកម្ពស់វិស័យការពារជាតិទ្វេភាគីរវាងប្រទេសទាំងពីរ រយៈពេល៥ថ្ងៃ គឺចាប់ពី ថ្ងៃទី១៦ ដល់ ថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២៤។
លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរង មូលដ្ឋានសមុទ្ររាម ក្នុងនាមកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម អមជាមួយការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់នាវាចម្បាំង USS SAVANNAH (LCS 28) របស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ដែលបានធ្វើដំណើរមកដល់កម្ពុជា។
បើតាមគម្រោងនាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក មានឈ្មោះ USS SAVANNAH (LCS 28) នឹងបំពេញទស្សកិច្ចក្នុងរយៈពេល៥ថ្ងៃ ហើយគណៈប្រតិភូអាម៉េរិកគ្រោងជួបពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ក្នុងនោះក្រុមនាវិកនាវាចម្បាំងសហរដ្ឋអាម៉េរិក និងកងទ័ពជើងទឹកកម្ពុជា ចូលរួមកម្មវិធីប្រកួតកីឡាមិត្តភាព ដើម្បីលើកកម្ពស់ភាពស្និទ្ធស្នាល និងការសាមគ្គីគ្នាជាក្រុមផងដែរ។
សូមបជម្រាបថា លក្ខណ:បច្ចេកទេស នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មានឈ្មោះ USS Savanah (LCS_28) បណ្តោយ ១២៧,៤ ម៉ែត្រ, ទទឹង ៣១,៦ ម៉ែត្រ, ទម្ងន់ផ្ទុក ៣.២៥០ តោន, ជម្រៅទឹក ៦,១០ ម៉ែត្រ មាននាវឹក សរុបចំនួន ១០៣ រូប ដឹកនាំដោយ លោកវរនាវីឯក Daniel A Sledz ,USN មេបញ្ជាការនាវា៕





