បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្នុងដំណើរការងារទៅកាន់ខេត្តបន្ទាយមានជ័យ លោកបណ្ឌិត ស សុខា ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយភរិយា បានឆ្លៀតចូលសួរសុខទុក្ខនារីរងគ្រោះដោយសារការរំលោភបំពានលើរាងកាយពីសំណាក់ទាហានឈុតខ្មៅថៃ និងពលករខ្មែរ ដែលវិលត្រឡប់ធ្វើការនៅប្រទេសថៃ។
ពលករខ្មែរទាំងនេះ ត្រូវបានរងហិង្សាដោយទាហានឈុតខ្មៅរបស់ថៃ វាយធ្វើបាប ប្លន់យកប្រាក់អស់ពីខ្លួន និងបានចាប់រំលោភបំពានលើរាងកាយយ៉ាងព្រៃផ្សៃលើពលការិនីម្នាក់ អាយុ ១៨ឆ្នាំ ពីសំណាក់ទាហានថៃ ប្រមាណ ០៧ នាក់ និងពលករប្រុសស្រីជាង ១០ នាក់ ខណៈពួកគេធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងភរិយា បានផ្តល់ការគាំទ្រយ៉ាងខ្លាំង និងសំដែងក្តីព្រួយបារម្ភចំពោះសុវត្ថិភាព និងសិទ្ធិមនុស្សរបស់បងប្អូនពលករ។ ព្រមទាំងអំពាវនាវឱ្យអាជ្ញាធរថៃ ធ្វើការស៊ើបអង្កេតយ៉ាងត្រឹមត្រូវ និងទទួលខុសត្រូវចំពោះហិង្សាដែលបានកើតឡើង ដើម្បីទប់ស្កាត់ករណីដូចនេះកើតឡើងម្តងទៀត។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការសួរសុខទុក្ខនេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ចំពោះពលករ គ្រប់ទិសទ្រង់ទ្រាយនោះទេ ប៉ុន្តែថែមទាំងជាការបញ្ជាក់ពីភាពរឹងមាំនៃរដ្ឋាភិបាលកម្ពុជា ក្នុងការពារសិទ្ធិ និងសុវត្ថិភាពប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស៕






