ពោធិ៍សាត់៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ បានចាត់ក្រុមការងារជំនាញសហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះពិនិត្យករណី ការលេចធ្លាយប្រេងម៉ាស៊ូត ចេញពីទូរថភ្លើង ដែលដឹកតាមរថភ្លើង ខ្សែរត់ចេញពីរាជធានីភ្នំពេញឆ្ពោះ ទៅខេត្តបាត់ដំបង។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ករណីនេះ កើតឡើងនៅវេលាម៉ោងប្រមាណ ០៦និង០០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លើកំណាត់ផ្លូវដែក ចន្លោះគីឡូ (១៩១-១៩២) ក្នុងភូមិសាស្ត្រភូមិដើមច្រេស ព្រំប្រទល់រវាងឃុំបឹងខ្នារ និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងជំហានដំបូង ក្រុមការងាររកឃើញទូររថភ្លើង ចំនួន ០៣ ទូ ត្រូវបានក្រឡាប់ និងលេចធ្លាយប្រេងចេញមកក្រៅ ចំនួន ០២ ទូរ។ សូមបញ្ជាក់ថាទូរនីមួយមួយៗ បានដឹកប្រេងចំណុះ ៦៦ ០០០លីត្រ។ ឧបទ្ទេវហេតុនេះ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។
បច្ចុប្បន្ន ក្រុមការងារជំនាញ បាននិងកំពុងចុះពិនិត្យមើលទំហំ នៃការលេចធ្លាយ មានបរិមាណសំណល់ប្រេងអណ្តែតច្រើនលើទីវាលស្រែក្បែរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុ។ សូមបញ្ជាក់ថាក្រោយមានឧទ្ទេវហេតុ ប្រជាពលរដ្ឋមួយចំនួន បាននិងកំពុងស្រង់ប្រេងយកទុកប្រើប្រាស់ផងដែរ៕





