2024-12-09 10:19
124

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គមហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចផ្អាកកិច្ចព្រមព្រៀងរវាង ប.ស.ស. ជាមួយមន្ទីរសម្រាកព្យាបាលចំនួន ០៣កន្លែង ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស. ជាបណ្តោះអាសន្នដោយរងចាំមានការសម្រេចសារជាថ្មី។

ប.ស.ស. បានឱ្យដឹងទៀតថា៖ «សាធារណៈជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. ទាំងអស់ មេត្តាជ្រាបថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្អាកកិច្ចព្រមព្រៀងស្តីពី ការប្រើប្រាស់និងការផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិសន្តិសុខសង្គមជាមួយមន្ទីរសម្រាកព្យាបាលឯកជនចំនួន៣ ជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី»។ 

ចំពោះមន្ទីរសម្រាកព្យាបាលឯកជនទាំង៣នោះ រួមមានឈ្មោះ និងមានអាសយដ្ឋានដូចខាងក្រោម៖ ទី១- មន្ទីរសម្រាកព្យាបាលកងកេង ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

ទី២- មន្ទីរសម្រាកព្យាបាល រីម សុគន្ធា ស្ថិតនៅផ្ទះលេខ ៤១ ផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និង មន្ទីរសម្រាកព្យាបាល រតនៈ ស្ថិតនៅអាគារលេខ ១៩៧ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បេឡាជាតិសន្តិសុខសង្គមហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ប្រាប់ដល់មូលដ្ឋានសុខាភិបាលឯកជនទាំង៣ ខាងលើថា៖ «មិនត្រូវបានអនុញ្ញាតផ្តល់សេវាជូនសមាជិក ប.ស.ស. ទៀតនោះទេចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ 

ក្នុងករណីមន្ទីរសម្រាកព្យាបាលទាំង៣ នៅតែបន្តផ្តល់សេវាជូនសមាជិក ប.ស.ស. ហើយស្នើសុំទូទាត់ជាមួយ ប.ស.ស. នោះ ប.ស.ស. មិនទូទាត់ជូនឡើយ»។ 

ករណីការផ្អាកកិច្ចព្រមព្រៀងជាមួយមន្ទីរសម្រាកព្យាបាលឯកជនទាំង៣នេះគឺជាការជូនដំណឹងដល់សាធារណៈជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. ទាំងអស់ដើម្បីជ្រាបជាព័ត៌មានផងដែរ៕