2024-12-09 10:07
134

ភ្នំពេញ៖ ទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០២ ៤នេះ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវត្តមានចូលរួមពីតំណាងស្ថានទូត អង្គការ សមាគម សហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងកម្មករនិយោជិតសរុបប្រមាណជាង ២០០០នាក់។ 

ឯកឧត្តម ហេង សួរ បានថ្លែងថាទិវាសិទ្ធិមនុស្ស ១០ធ្នូ ប្រារព្ធឡើង ដើម្បីរំលឹកដល់ថ្ងៃមហាសន្និបាតអង្គការសហប្រជាជាតិដែលបានអនុម័តនូវសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនៅក្នុងឆ្នាំ១៩៤៨ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា “មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវសិទ្ធិសេរីភាព ដោយគ្មានការបែងចែកនិងរើសអើងអំពីជាតិសាសន៍ ពណ៌សម្បុរ ភេទ អាយុ ភាសា សាសនា មតិយោបល់ ប្រភពដើមនៃជាតិ ឬសង្គម ស្ថានភាពសេដ្ឋកិច្ច កំណើត ពិការភាព ឬស្ថានភាពអ្វីផ្សេងនោះឡើយ”។ 

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ទិវាសិទ្ធិមនុស្ស ដែលត្រូវបានអនុម័តក្នុងឆ្នាំ១៩៤៨ គឺបន្ទាប់ពីសង្រ្គាមលោកលើកទី២ ត្រូវបានបញ្ចប់រយៈពេល៣ឆ្នាំ ដោយក្នុងន័យនេះបង្ហាញយ៉ាងច្បាស់ថា បើសិនជានៅពេលកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាមគឺយើងមិនមានឱកាសក្នុងការនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍនោះឡើយ ព្រោះអ្វីដែលយើងត្រូវការជាចំបងគឺការបញ្ចប់សង្រ្គាម។ 

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការ បានរំលឹកផងដែរថា «សម្រាប់កម្ពុជា ក្នុងសម័យរបបប្រល័យពូជសាសន៍ខ្មែរក្រហមគឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង សិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៍ពិពាហ៍និងសិទ្ធិប្រកបការងារជាដើម»។ 

ជាក់ស្តែង ទើបតែក្រោយពេលដែលកម្ពុជាបានបញ្ចប់សង្គ្រាមក្នុងប្រទេសទាំងស្រុង ទើបយើងអាចមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់រួមទាំងការគិតគូរពីប្រព័ន្ធគាំពារសង្គមផងដែរ។ 

ជាពិសេសរហូតមកដល់អាណត្តិទី៧ នៃរាជរដ្ឋាភិបាល ប្រព័ន្ធគាំពារសង្គមត្រូវបានពង្រីកយ៉ាងទូលំទូលាយដែលគ្របដណ្តប់ចាប់តាំងពីអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធរហូតដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទៀតផង។   

ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសហជីព សមាគម ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលបាននិងកំពុងបន្តលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីពនិងលិខិតបទដ្ឋានការងារអន្តរជាតិនានា»។ 

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាអង្គការវិជ្ជាជីវៈសរុបចំនួន ៦ ៤៩១ ក្នុងនោះសហភាពសហជីពមានចំនួន ៤២, សហព័ន្ធសហជីពមានចំនួន ២៨០, សហជីពមូលដ្ឋានមានចំនួន ៦១៥៧, និងសមាគមនិយោជកមានចំនួន១២។ 

ដោយឡែកចំនួនសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃគិតត្រឹមខែ កុម្ភៈ ឆ្នាំ២០២៤ មានចំនួន ៦៤៤៩ ក្នុងនោះសមាគមមានចំនួន ២៧៦០, អង្គការក្រៅរដ្ឋាភិបាលចំនួន ៣ ៥៣៦, សមាគមជនជាតិដើមភាគតិចចំនួន១៥៣។ 

ទន្ទឹមនេះ សម្រាប់វិស័យសារព័ត៌មានបច្ចុប្បន្ននេះមានស្ថាប័នព័ត៌មានទាំងបុរាណ និងទំនើបបានចុះបញ្ជីនៅក្រសួងព័ត៌មានមានជាង ២ពាន់អង្គភាព រួមមាន គេហទំព័រ ទូរទស្សន៍អនឡាញ, កាសែត,  សមាគមសារព័ត៌មាន, ទស្សនាវដ្តី, ទីភ្នាក់ងារព័ត៌មានបរទេស និងការិយាល័យតំណាងស្ថានីយវិទ្យុ FM និងវិទ្យុ AM ជាដើម។ 

ទាំងនេះបង្ហាញថាកម្ពុជាមានលំហសិទ្ធិសេរីភាពយ៉ាងពេញលេញ។ 

ឯកឧត្តម ហេង សួរ ក៏បានអំពាវនាវដល់សហជីពទាំងអស់នៅកម្ពុជា ត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក ដោយយកការពិភាក្សាជាមួយគ្នាត្រង់ទៅត្រង់មកដើម្បីដោះស្រាយបញ្ហារួមគ្នាប្រកបដោយប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងវិជ្ជាជីវៈ និងសុខដុមនីយកម្មរួមគ្នា៕