2024-12-08 17:25
151

គុនខ្មែរ៖ អ្នកលេងក្បាច់គុនមួយថៃ ឆ្លងមកពីប្រទេសអ៊ីរ៉ង់ ទម្ងន់ធ្ងន់ កីឡាករ ម៉ូតាសា សីហ្វីហ្វាដ ក្រោយផ្ដួលកីឡាករលំដាប់ប្រទេសកម្ពុជា ឆក់យកខ្សែក្រវាត់មាស XTREME CAMBODIA KUN KHMER កាលពីយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នៅលើសង្វៀន XTREME CAMBODIA KUN KHMER ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ដ៏ល្បីមួយនៅក្នុងស្រុក រូបគេបានប្រកាស សុំជួប កីឡាករលំដាប់ប្រទេសកម្ពុជា ដើម្បីទៅដណ្ដើមយកខ្សែក្រវាត់បន្តមហិជ្ជតារបស់ខ្លួននោះ ប៉ុន្តែត្រូវបាន អ្នកគាំទ្រលើកឡើងថា សកសឹកយកឈ្នះនាយសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា ឲ្យបានសិនទៅ មុននឹង ប្រកាស ចង់ជួបអ្នកខ្លាំងបន្តទៀតនោះ...។

អ្នកលេងក្បាច់គុនមួយថៃ ដែលបច្ចុប្បន្ន រូបគេកំពុងហ្វឹកហាត់ក្បាច់គុននៅប្រទេសថៃ កីឡាករ ម៉ូតាសា សីហ្វីហ្វាដ បាននឹងកំពុងធ្វើព្យុះភ្លៀងនៅលើសង្វៀនគុនខ្មែរនៅកម្ពុជា ជាច្រើនសង្វៀន និងបានយក ឈ្នះលើកីឡាករលំដាប់ហ្រ្តេដ A ស្រុកខ្មែរជាបន្តបន្ទាប់។ យ៉ាងហោចណាស់ មានកីឡាករលំដាប់ ប្រទេស កម្ពុជាទម្ងន់ធ្ងន់ចំនួន៤នាក់ ត្រូវបានរហ័សនាម តោក្រហម ម៉ូតាសា សីហ្វីហ្វាដ ដ្ដូលឲសន្លប់ និងយកឈ្នះដោយពិន្ទុ។ គេនៅចាំបានថា តោក្រហម ឆ្លងដែនមកពីប្រទេសអ៊ីរ៉ង់ បានយកឈ្នះកីឡា ករ ម៉ានូ សិល្បៈ ដោយការផ្ដួលឲ្យសន្លប់ធំ និងបានបន្តដំណើរជួបជាមួយរហ័សនាមនាគរាជខ្មៅចតុមុខ ឈឿង ល្វៃ ដោយលទ្ធផលចាញ់សន្លប់ម្ដង និងផ្ដួលកីឡាករ ឈឿង ល្វៃ ឲ្យសន្លប់ធំវិញម្ដងដូចគ្នា និងបានបន្តដំណើរយកឈ្នះកីឡាករ អ៊ុង វីរៈ ដោយពិន្ទុកាលពីពេលថ្មីៗនេះ ខណៈការប្រកួតចុង ក្រោយ របស់គេ បានផ្ដួលកីឡាកររហ័សនាមអ្នកលេងកណ្ដាប់ដៃបេតុង ធន់ រិទ្ធី ប្រសោបយកខ្សែ ក្រវាត់មាសមួយខ្សែ កាលពីថ្ងៃទី០៧ ធ្នូ ម្សិលមិញនេះ។

គួរជម្រាបជូនថា តាមរយៈការយកឈ្នះកីឡាករលំដាប់ប្រទេសកម្ពុជាជាបន្តបន្ទាប់នេះហើយ ទើបធ្វើ ឲ្យតោក្រហម ម៉ូតាសា សីហ្វីហ្វាដ មានមហិជ្ជតាចង់ឡើងទៅដណ្ដើមខ្សែក្រវាត់ពីកីឡាករលំដាប់ A ស្រុកខ្មែរបន្តទៀតរួមមានកីឡាករ ឈឿង ល្វៃ និងកីឡាករ ធឿន ធារ៉ា ជាដើម។ អ្នកលេងក្បាច់គុនមួយថៃឆ្លងដែនមកពីអ៊ីរ៉ងរូបនេះ បានប្រកាសនៅចំពោះមុខមហាជនថា រូបគេនឹង ឡើង ទៅដណ្ដើមខ្សែក្រវាត់ពីកីឡាករ ឈឿង ល្វៃ ជាថ្មីម្ដងទៀត ព្រោះគេចាត់ទុកថា ជំនួបជា មួយ កីឡាករ ឈឿង ល្វៃ ឈ្នះម្ដង និងចាញ់ម្ដង អាចនិយាយបានថា គឺរួចគ្នា ប៉ុន្តែ រូបគេចង់ឡើងទៅជួប ឈឿង ល្វៃ ដណ្ដើមខ្សែក្រវាត់តែម្ដង និងដើម្បីកាត់សេចក្ដីឲ្យដាច់ស្រេចផងដែរ។ ដោយឡែក រហ័សនាមតោក្រហម ម៉ូតាសា សីហ្វីហ្វាដ ចង់ជួបធំបំផុតក្នុងអាជីពជាអ្នកប្រដាល់របស់គេនោះគឺ កីឡាករគុនខ្មែរមួយរូប ដែលអ្នកគាំទ្រនៅកម្ពុជាចាត់ទុកថា ជាស្ដេចប្រដាល់ស្រុកខ្មែរ គឺអ្នក លេងពូថៅដៃពិឃាដ ធឿន ធារ៉ា តែម្ដង។

តែទោះជាយ៉ាងណា កីឡាករ ម៉ូតាសា ប្រកាសចង់ជួបកីឡាករ ធឿន ធារ៉ា ជារឿងមួយដែលមិន អាច ទៅរួចនោះទេ ពីព្រោះតែអ្នកលេងក្បាច់គុនមួយថៃមកពីអ៊ីរ៉ង ប្រកួតក្នុងប្រភេទទម្ងន់ធ្ងន់ ចំពោះ ទម្ងន់ ពិតជាក់លាក់៨៧គីឡូក្រាម។ ចំណែក អ្នកលេងពូថៅដៃពិឃាដ គឺជាកីឡាករលំដាប់ស្រុកខ្មែរ ក្នុង ប្រភេទទម្ងន់៧២-៧៣គីឡូក្រាម។ ប្រសិនបើ ម៉ូតាសា សិហ្វីហ្វាដ ចង់ជួបជាមួយ ធឿន ធារ៉ា នោះ លុះត្រាគេសម្រកគីឡូមកនៅ៧២គីឡូក្រាមបាន។ ជាក់ស្ដែង ការប្រកួតជាមួយកីឡាករអ៊ីរ៉ងរូបនេះ សម្រកមកនៅ៧៦គីឡូក្រាម ដើម្បីប្រកួតជាមួយកីឡាករ ធន់ រិទ្ធី ឡើងស្លេកស្លាំង ស្ទើរឃើញ យមរាជបក់ដៃហៅទៅហើយ។ ដូច្នេះ ជំនួបរវាង ម៉ូតាសា សីហ្វីហ្វាដ ជាមួយនឹងកីឡាករ ធឿន ធារ៉ា ប្រកួតក្នុងប្រភេទទម្ងន់៧២គីឡូក្រាម ច្បាស់ណាស់ថា មិនអាចកើតមានឡើងនោះទេ។

ទន្ទឹមគ្នានេះដែរ អ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរបានលើកឡើងថា សូមឲ្យកីឡាករ ម៉ូតាសា សីហ្វីហ្វាដ បំភ្លេចចោលទៅ រឿងចង់ជួបជាមួយអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា នោះ យ៉ាងណា វាជា រឿងមួយដែលមិនអាចទៅរួចនោះឡើយ។ គួររំឭកផងដែរថា កីឡាករ ម៉ូតាសា សីហ្វីហ្វាដ មុននឹង រូបគេមានភាពរីកចម្រើនក្បាច់គុន និងមានសមត្ថភាពខ្លាំងក្លាដូចសព្វថ្ងៃនេះ គេធ្លាប់ជួបជាមួយកីឡា កររហ័សនាមនាយសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា ចំនួន២ប្រកួតរួចមកហើយដែរ ដែលជាលទ្ធផល គឺ បរាជ័យទាំង២ប្រកួត ក្រោមកណ្ដាប់ដៃ និងផ្លៃកែងដ៏សែនគ្រោះថ្នាក់ របស់កីឡាករគុនខ្មែររូបនេះ។ ជាមួយគ្នានេះដែរ អ្នកគាំទ្រគុនខ្មែរបានផ្ញើសារទៅកាន់កីឡាកររហ័សនាមតោក្រហម ឆ្លងដែន មក ពីប្រទេសអ៊ីរ៉ង់ថា មុននឹងប្រកាសចង់ជួបកីឡាករលំដាប់ប្រទេសស្រុកខ្មែរបន្តទៀតនោះ គួរតែ សងសឹកយកឈ្នះកីឡាករគុនខ្មែរ ឡៅ ចន្ទ្រា ឲ្យបានជាមុនសិនទៅ៕